រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃទី១២ ខែសីហាថា មន្ត្រីពាណិជ្ជកម្មអាមេរិក និងជួបចរចាគ្នាជាថ្មីជាមួយមន្ត្រីពាណិជ្ជកម្មចិន ក្នុងពេលពីរ ឬបីខាងមុខ ដើម្បីដោះស្រាយអំពីទំនាក់ទំនងសេដ្ឋកិច្ចនាពេលអនាគត រវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការលើកឡើងរបស់លោក Bessent បានបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោកទាំងពីរ បានបន្តព្យារពេល ដាក់ពន្ធគយខ្ពស់សងសឹកគ្នាទៅវិញទៅមក រយៈពេល ៩០ថ្ងៃបន្ថែមទៀត ។
ទន្ទឹមនឹងនេះ នៅក្នុងបទសម្ភាសនៅលើកម្មវិធី “Kudlow” របស់ Fox Business Network លោក Bessent ក៏បានបញ្ជាក់ផងដែរថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអញ្ជើញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យចូលរួមនៅក្នុងកិច្ចប្រជុំពិសេសមួយ ប៉ុន្តែគេនៅមិនទាន់បានកំណត់ពេលវេលាច្បាស់លាស់ នៅឡើយនោះទេ។
លោក Bessent បាននិយាយទៀតថា៖” មិនមានកាលបរិច្ឆេទច្បាស់លាស់ទេ។ ប្រធានាធិបតី ត្រាំ នៅមិនទាន់កំណត់នៅឡើយ។ អាមេរិក នឹងបន្តរង់ចាំមើលសិន បើអាចដល់ខែ ត្រីមាស ឬអាចឆ្នាំ ជុំវិញបញ្ហាលំហូរគ្រឿងញៀន Fentanyl ដើម្បីឈានដល់ការបញ្ចុះពន្ធលើចិន”។
ជម្រាបជូនផងដែរថា កាលពីដើមខែនេះ លោក ត្រាំ ធ្លាប់បាននិយាយថា សហរដ្ឋអាមេរិក និងចិន កំពុងខិតជិតបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាហើយ ដោយលោកអាចនឹងជួបជាមួយ លោក ស៊ី នៅមុនដំណាច់ឆ្នាំនេះ ប្រសិនបើកិច្ចព្រមព្រៀងអាចសម្រេចទៅបាន៕

