ក្រសួងពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា ជាពិសេសផ្តោតលើផែ្នកកែច្នៃ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិកាន់តែទូលំទូលាយ។នេះបើយោងតាមកិច្ចពិភាក្សាការងារជាមួយក្រុមការងារនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) ក្រោមវត្តមានលោក អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីជំនាញរបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ជាច្រើនរូបផងដែរ។

កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងក្នុងគោលបំណង រួមមាន៖ ទី១: ស្វែងយល់បន្ថែមពីការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ រួមទាំងឱកាស និងបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមសម្រាប់ការនាំចេញ; ទី២: ពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើការអភិវឌ្ឍគម្រោងហិរញ្ញប្បទានពាណិជ្ជកម្ម (Trade Finance Loan) សម្រាប់ជំរុញលទ្ធភាពបន្ថែមក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យដំឡូងមី និង ទី៣: ពិភាក្សាការងារសហការផ្សេងៗ ក្នុងការជំរុញការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា ជាពិសេស ផែ្នកកែច្នៃ និងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំកម្ពុជា ទៅក្រៅប្រទេសសម្រេចបានបរិមាណសរុបជាង ៨លានតោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង៤លានតោន ស្រូវមានជាង៣លានតោន និងអង្ករមានជាង ៤២ម៉ឺនតោន ទៅកាន់ទិសដៅ ៨១ប្រទេស ដោយមានការកើនឡើងជាង៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្មកាលពីពេលថ្មីៗនេះ។
របាយការណ៍ដដែល ក៏បានបង្ហាញឱ្យដឹងទៀតថា ការនាំចេញផលិតផលដំណាំក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនឡើងជាង៣១ភាគរយ តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុដូចខាងក្រោម៖១.ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃ ជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ដោយឡែក ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះដែរ ការនាំចេញ ដំឡូងមីក្រៀមកើនឡើងជាង៦០ភាគរយ និងម្សៅដំឡូងមីកើនឡើងជាង៧៣ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២៤៕អត្ថបទ៖ ហ្សាលីន



