ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft ត្រូវបានគេរាយការណ៍ថា គ្រោងនឹងប្រកាសពីផែនការបញ្ឈប់បុគ្គលិកជាថ្មីៗម្តងទៀត ដោយលើកនេះ នឹងត្រូវកាត់បន្ថយចំនួនការងារប្រហែល ៩ ០០០ កន្លែង នៅទូទាំងប្រតិបត្តិការសកលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yahoo Finance ។

ជុំវិញការប្រកាសនេះ គឺជាការផែនការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំលើកទីពីរ របស់ក្រុមហ៊ុន Microsoft នៅក្នុងឆ្នាំ២០២៥ នេះ ខណៈពេលដែលក្រុមហ៊ុនអាមេរិក កំពុងងាកទៅចំណាយទឹកប្រាក់យ៉ាងច្រើន ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ជំនួសវិញ។
គួរឲ្យដឹងផងដែរថា នៅក្នុងខែឧសភា ក្រុមហ៊ុន Microsoft បានកាត់បន្ថយបុគ្គលិករបស់ខ្លួនប្រហែល ៦ ០០០ នាក់ រួចមកហើយ។ ឥឡូវនេះ ត្រឹមតែពីរខែក្រោយមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានត្រឡប់មកវិញជាមួយនឹងផែនការកាត់បន្ថយកាន់តែច្រើនជាច្រើនជាងមុន ដែលជំរុញដោយតម្រូវការ ក្នុងការសម្រួលប្រតិបត្តិការ និងផ្តោតលើការចំណាយលើបច្ចេកវិទ្យាថ្មីៗ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន Microsoft កំពុងចំណាយទឹកប្រាក់រាប់សិបពាន់លានដុល្លារលើ AI ដោយរាប់ពីអ្វីគ្រប់យ៉ាងចាប់ពីមជ្ឈមណ្ឌលទិន្នន័យដែលដំណើរការដោយគំរូភាសាធំៗ រហូតដល់ការបង្កើតកម្មវិធី និងឧបករណ៍ដែលជំរុញដោយ AI ថ្មី៕

