កម្ពុជាបានដឹកជញ្ជូនទុរេនស្រស់ចំនួន ២តោន ទៅកាន់ខេត្តហឺណាន ប្រទេសចិន តាមផ្លូវអាកាសជាលើកដំបូង កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៥ ខណៈទុរេនកម្ពុជាក៏ទើបតែបានឆ្លងសមុទ្រទៅកាន់ប្រទេសចិនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅផងដែរ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានលើកឡើងថា ការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន គឺអាចរក្សាបាននូវគុណភាពនិងរសជាតិរបស់វា ដូច្នេះហើយកសិករដែលដាំដំណាំទុរេនចាត់ទុកការដឹកជញ្ជូនតាមអាកាសជាអត្ថប្រយោជន៍ដ៏សំខាន់។
លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កសិផលកម្ពុជាចំនួន ១៦ មុខ ត្រូវបានអនុញ្ញាតិក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនប្រមាណជាង ១០ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានជាង ៧០០ហិកតា ដែលអាចទទួលបរិមាណផលប្រមាណជាង ១២០ ០០០តោនក្នុង១ឆ្នាំ។ ដោយឡែកសម្រាប់ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមានផ្ទៃដីដាំដុះដំណាំទុរេនទូទាំងខេត្ត សរុបប្រមាណ ៩៥០ហិកតា ផ្ទៃដីប្រមូលផលចំនួន ៦៨៥ ហិកតា និងទទួលបានបរិមាណផលប្រមាណ ១០ ០០០ តោន៕



