ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃធ្លាក់ចុះ៦៩% អាចមកពីតម្លៃគ្រាប់ស្វាយចន្ទីឆៅលក់បានល្អនៅលើទីផ្សារ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃមានបរិមាណ៣១តោន ពោលគឺមានការថយចុះ៦៩ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នានិងឆ្នាំ២០២៤ ។ការធ្លាក់ចុះនេះ ត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជាមើលឃើញថា វាអាចបណ្តាលមកតម្លៃគ្រាប់ស្វាយចន្ទីឆៅកសិករលក់ទៅឈ្មួញនាំចេញបានថ្លៃល្អនៅលើទីផ្សារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ស្តីពីការនាំចេញផលិតផលដំណាំក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤និង២០២៥ របស់អគ្គនាយកដ្ឋានកសិកម្ម បង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេសនៅក្នុងក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះមានបរិមាណ៦០ម៉ឺនតោន ពោលគឺមានការកើនឡើងប្រមាណ៩ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នានិងឆ្នាំ២០២៤ មានបរិមាណ៥៤ម៉ឺនតោន។ ចំណែកការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃវិញនាំចេញបាន៣១តោន ពោលថយចុះ៦៩ភាគរយ បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានចំនួន១០ម៉ឺនតោន។

ពាក់ព័ន្ធនិងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃធ្លាក់ចុះនេះដែរ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឯកភាពជាមួយនិងរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មថាពិតជាមានការធ្លាក់ចុះបែបនេះមែន។
លោក អួន ស៊ីឡុត មានប្រសាសន៍ថា ការធ្លាក់ចុះគ្រាប់ស្វាយចន្ទីកែច្នៃនេះ ដោយសារតម្លៃគ្រាប់ស្វាយចន្ទីឆៅមានតម្លៃល្អ ធ្វើឱ្យកសិករលក់ឱ្យឈ្មួញនាំចេញទៅខាងក្រៅ ធ្វើឱ្យអ្នកកែច្នៃក្នុងស្រុកគាត់ពិបាកប្រកួតប្រជែងទិញពីកសិករ។

លោកគូសបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ តម្លៃគ្រាប់ស្វាយចន្ទីស្រស់ជាមធ្យមថ្លៃ៥៣០០រៀល ហើយតម្លៃនេះវាល្អ ខណៈគ្រាប់ស្វាយចន្ទីស្ងួតមួយគីឡូក្រាមកសិករលក់បានថ្លៃ៦០០០រៀល។ ដូចនេះសហគ្រាសក្នុងស្រុកមិនមានលទ្ធភាពប្រកួតប្រជែងទិញជាមួយក្រុមហ៊ុននៅក្នុងប្រទេសជិតខាងនោះទេ។

បើតាមលោក អួន ស៊ីឡុត គិតមកដល់ខែសីហានេះ កសិករបានបញ្ចប់ការប្រមូលផលគ្រាប់ស្វាយចន្ទី ហើយស្ថិតក្នុងដំណាក់កាលនេះកសិករ ឬម្ចាស់ចំការស្វាយចន្ទីបាននិងកំពុងតែងមែក ដាក់ជីគល់និងសម្អាតចំការស្វាយចន្ទីរបស់ខ្លួន៕