ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយកាលពេលថ្មីៗនេះថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមប្រកាសយកពន្ធលើការនាំចូលដែកថែប និងបន្ទះឈីប Semiconductor នៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលធ្វើដំណើរនៅលើយន្តហោះ Air Force One ដើម្បីទៅចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅរដ្ឋ Alaska ថា៖” ខ្ញុំនឹងកំណត់ពន្ធនៅសប្តាហ៍ក្រោយ ហើយសប្តាហ៍ក្រោយមួយទៀត ខ្ញុំក៏នឹងកំណត់ពន្ធលើដែក និងរួមទាំងបន្ទះឈីប ផងដែរ”។
ជាមួយគ្នានេះ លោក ត្រាំ ហាក់មិនបានបញ្ជាក់ច្បាស់លាស់អំពីកម្រិតខ្ពស់ ចំពោះការដាក់លើទំនិញសំខាន់ទាំងនេះឡើយ ដោយលោកគ្រាន់តែបាននិយាយថា អត្រាពន្ធដំបូងនិងស្ថិតនៅកម្រិតទាប ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុននានាងាកមកបង្កើតផលិតកម្មនៅក្នុងស្រុក នៅសហរដ្ឋអាមេរិក ហើយបន្ទាប់មកវានឹងកើនឡើងយ៉ាងខ្លាំង នៅពេលក្រោយ។
គួរឲ្យដឹងផងដែរថា លោក ត្រាំ នាពេលកន្លងមកនេះ បានបង្កើនសម្ពាធពាណិជ្ជកម្មពិភពលោក ដោយការដាក់ពន្ធគយខ្ពស់កប់ពពក លើការនាំចូលទំនិញស្ទើតែទាំងអស់មកកាន់ទឹកដីសហរដ្ឋអាមេរិក រួមជាមួយនឹងពន្ធទៅលើវិស័យជាក់ ដូចជារថយន្តជាដើម។
ជម្រាបជូនថា កាលពីខែកុម្ភៈ លោក ត្រាំ បានដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមដល់កម្រិត ២៥% ប៉ុន្តែលុះដល់ខែឧសភា ប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសជាថ្មីម្តងទៀត ដោយដំឡើងពន្ធទ្វេដង ដល់ ៥០% ដើម្បីជំរុញក្រុមហ៊ុនផលិតក្នុងស្រុក៕

