ក្នុងរយៈពេលប្រាំមួយខែនេះ ពោលចាប់ពីខែមករា-មិថុនា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជំរុញការប្តេជ្ញាចិត្តនាំចេញដំឡូងមីស្ងួតសរុបជាង ៧០០ ០០០តោន ទៅកាន់ប្រទេសចិន។

នេះបើយោងតាមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងពាណិជ្ជកម្ម ជាមួយនិងក្រុមហ៊ុន COFCO Biotechnology Co., Ltd. ដើម្បីនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦ កាលថ្ងៃទីទី២១ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម គណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology Co., Ltd.។

លោកស្រីបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រីកនិងធ្វើពិពិធកម្មទីផ្សារ ព្រមទាំងការចូលរួមពង្រឹងសមត្ថភាពផលិតកម្ម និងកែច្នៃឱ្យស្របតាមស្តង់ដារគុណភាពអន្តរជាតិក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។
សូមគូសបញ្ជាក់ជូនថា ក្នុងរយៈពេលប្រាំមួយខែនេះ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជំរុញការប្តេជ្ញាចិត្តនាំចេញដំឡូងមីស្ងួតសរុបជាង ៧០០ ០០០តោន ទៅកាន់ប្រទេសចិន ។ អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់នាំចេញ ដំទ្បូងមីស្ងួត ៥០០ ០០០តោន នាថ្ងៃនេះ គឺបន្ថែមពីលើ អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការនាំចេញដំទ្បូងមីស្ងួតចំនួន ២០០ ០០០ តោន ដែលបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដែលការណ៍នេះ បង្ហាញឱ្យឃើញពីវឌ្ឍនភាព និងការកើនឡើងនូវទំនុកចិត្តលើផលិតផលកសិកម្មកម្ពុជា និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន៕ អត្ថបទ៖ ហ្សាលីន



