ក្រុមហ៊ុនចិនមួយនាំចេញដំឡូងមីស្ងួតកម្ពុជា៥០០ពាន់តោន ទៅកាន់ប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន COFCO Biotechnologyរបស់ចិនមួយមានផែនការនាំចេញដំឡូងមីស្ងួតរបស់កម្ពុជាប្រមាណ៥០០ពាន់តោនទៅកាន់ប្រទេសចិន សម្រាប់ឆ្នាំ២០២៥-២០២៦ បន្ទាប់ពីបានចុះ MoU ក្រសួងពាណិជ្ជកម្មកាលថ្ងៃទី២១ខែសីហាឆ្នាំ២០២៥ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រីកនិងធ្វើពិពិធកម្មទីផ្សារ ព្រមទាំងការចូលរួមពង្រឹងសមត្ថភាពផលិតកម្ម និងកែច្នៃឱ្យស្របតាមស្តង់ដារគុណភាពអន្តរជាតិក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។

ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ក្នុងរយៈពេល៦ខែនេះ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជំរុញការប្តេជ្ញាចិត្តនាំចេញដំឡូងមីស្ងួតសរុបជាង ៧០០ ពាន់តោន ទៅកាន់ប្រទេសចិន ។ អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់នាំចេញ ដំទ្បូងមីស្ងួត ៥០០ ពាន់តោន នាពេលនេះ គឺបន្ថែមពីលើ អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការនាំចេញដំទ្បូងមីស្ងួតចំនួន ២០០ ពាន់តោន ដែលបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដែលការណ៍នេះ បង្ហាញឱ្យឃើញពីវឌ្ឍនភាព និងការកើនឡើងនូវទំនុកចិត្តលើផលិតផលកសិកម្មកម្ពុជា និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន។

ពាក់ព័ន្ធនិងដំឡូងមីកម្ពុជានេះដែរ បើយោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំរយៈពេល៧ខែឆ្នាំ២០២៥របស់អគ្គនាយកដ្ឋានកសិកម្ម បានធ្វើការប៉ាន់ស្មានឱ្យដឹងថា ការប្រមូលផលដំឡូងមីលើផ្ទៃដីដែលបានដាំដុះរួចក្នុងឆ្នាំ២០២៥នៅក្នុងខេត្តជាប់ព្រំដែនថៃចំនួន៥ ចាប់ពីខែសីហាដល់ខែធ្នូមានប្រមាណ ១០លានតោនក្នុងនោះការបម្រូលផលច្រើនជាងគេនៅធ្នូ អាចមានប្រមាណជាង៣២ភាគរយ ហើយការប្រមូលផលដំឡូងមីពុំផលប៉ះពាល់នោះទេ ដោយសារក្រុមហ៊ុនបានបង្វែរទិសដៅនាំចេញដំឡូងមីក្រៀមទៅកាន់ប្រទេសចិន ។

ជាក់ស្តែងក្នុងរយៈពេល៧ខែឆ្នាំ២០២៥នេះ ការនាំចេញចំណិតដំឡូងមីក្រៀមទៅកាន់ប្រទេសចិនមានប្រមាណ៥៣ពាន់តោន កើនឡើង៥០ពាន់តោន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤មានចំនួន៣ ០៤៤តោន៕