វៀតណាម រំពឹងការនាំចេញអង្ករខ្លួនកើនឡើងដល់ជាង ៨ លានតោន ទោះហ្វីលីពីនផ្អាកនាំចូល

អន្តរជាតិ

ថ្មីៗនេះ បើទោះបីជាមានការផ្អាកជាបណ្តោះអាសន្នក្នុងការនាំចូលអង្ករពីប្រទេសហ្វីលីពីនក៏ដោយ ប៉ុន្តែការនាំចេញអង្កររបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ៨,២ លានតោន នៅឆ្នាំនេះ ដែលជំរុញដោយការកើនឡើងនៃការដឹកជញ្ជូនទៅកាន់ទីផ្សារដូចជាបង់ក្លាដែស ចិន និងអាហ្វ្រិកខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាមជាប្រទេសនាំចូលអង្ករធំជាងគេររបស់ពិភពលោក ហ្វីលីពីន បានទិញអង្ករក្នុងចំនួនសរុប ៤,៨ លានតោន ពីបរទេសកាលពីឆ្នាំមុន ដែលក្នុងនោះវៀតណាម បានផ្គត់ផ្គង់ចំណែករបស់ប្រទេសនេះ ក្នុងចំនួន ៣,៦ លានតោន។

គួរឲ្យដឹងផងដែរថា ក្នុងរយៈពេល ៧ខែដំបូងឆ្នាំនេះ វៀតណាម បាននាំចេញអង្ករសរុបចំនួន ៥,៥ លានតោន ទៅក្រៅប្រទេសក្នុងតម្លៃ ២,៨១ពាន់លានដុល្លារ ដោយក្នុងនោះហ្វីលីពីន នៅតែបន្តជាអ្នកទិញច្រើនបំផុតរបស់ខ្លួន។

ជម្រាបជូនថា កាលពីដើមខែនេះ រដ្ឋាភិបាលហ្វីលីពីន បានប្រកាសផ្អាកការនាំចូលអង្កររយៈពេលពីរខែចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ ចំពេលតម្លៃអង្ករក្នុងស្រុកធ្លាក់ចុះ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគទីផ្សារ បានព្យាករថា ការនាំចេញសរុបរបស់វៀតណាម នឹងនៅតែមានភាពរឹងមាំ ដោយសារតម្រូវការកើនឡើងនៅក្នុងតំបន់ផ្សេងទៀត ដូចជានៅទូតាំងតំបន់អាស៊ាន និងអាហ្រ្វិកខាងត្បូង ជាដើម៕​