ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងស្នើសុំសភាផ្តល់ជូនទឹកប្រាក់ប្រហែល ២ពាន់លានដុល្លារ ដើម្បីកែប្រែទីក្រុងវ៉ាស៊ីនតោន ស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសន្តិសុខសម្រាប់រដ្ឋធានី សហរដ្ឋអាមេរិក បន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CBS។

នៅក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២២ ខែសីហា លោក ត្រាំ បាននិយាយថា ៖”យើងនឹងស្នើសុំសភានូវទឹកប្រាក់ប្រហែល ២ពាន់លានដុល្លារ ហើយសភាក៏មានឆន្ទៈក្នុងការផ្តល់ជូនឲ្យផងដែរ។ យើងនឹងចំណាយទឹកប្រាក់ទាំងនេះប្រកបដោយភាពឆ្លាតវៃបំផុត”។
លោក ត្រាំ បានសង្កត់ធ្ងន់ទៀតថា លោកគ្រោងនឹងផ្តល់កិច្ចសន្យាជូនដល់ក្រុមហ៊ុន Clark Contruction ដើម្បីជួសជុលប្រព័ន្ធភ្លើង និងធ្វើឲ្យផ្លូវកុ្នងទីក្រុងវ៉ាស៊ីនតោន មានសម្រស់ស្រស់ស្អាត ក្នុងរង្វង់ប្រហែល ៥គីឡូម៉ែត្រ ពីតំបន់ Capitol រហូតដល់សេតវិមាន។ យ៉ាងណាក៏ដោយ វានៅមិនទាន់ត្រូវបានគេដឹងច្បាស់ថា តើកិច្ចសន្យាជួសជុលនេះ នឹងត្រូវដាក់ឲ្យដេញថ្លៃឬយ៉ាងណានោះឡើយ។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បាននិយាយបន្ថែមទៀតថា៖ “ផ្លូវក្នុងទីក្រុងមិនដែលស្អាតនោះទេ ប៉ុន្តែឥឡូវនេះវានឹងស្អាតឡើងវិញ។ អ្នកឃើញបង្គោលភ្លើងតាមដងផ្លូវទាំងនោះកំពុងច្រេះ។ អ្នកឃើញមានបញ្ហាជាច្រើន។ តែយើងនឹងធ្វើឱ្យកន្លែងនេះស្រស់ស្អាត ក្នុងរយៈពេល ១២ខែ។ ផ្លូវទាំងអស់នឹងត្រូវបានជួសជុល”។
ជម្រាបជូនថា ជុំវិញផែនការរបស់លោក ត្រាំ ក្នុងការកែប្រែទីក្រុងវ៉ាស៊ីនតោននេះ បានកើតឡើងនៅពេលដែលរដ្ឋបាលរបស់លោក បានដាក់ចេញនូវគំនិតផ្តួចផ្តើមប្រឆាំងឧក្រិដ្ឋកម្មសហព័ន្ធ ដែលមានប៉ូលីស យោធា និង FBI ដើរល្បាត ក្នុងរដ្ឋធានី៕

