សហព័ន្ធឧស្សាហកម្មថៃ បាននិយាយនៅថ្ងៃចន្ទនេះថា ផលិតកម្មរថយន្តនៅក្នុងប្រទេស បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ខែ គិតនៅត្រឹមខែកក្កដា ដោយសារតែភាពមិនប្រាដកប្រជានៃពន្ធគយសហរដ្ឋអាមេរិក ដែលធ្វើឲ្យប៉ះពាល់ដល់តម្រូវការនាំចេញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ទិន្នផលផលិតរថយន្តកាលពីខែមុន បានធ្លាក់ចុះអស់ ១១,៣៩% បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹមចំនួន ១១០ ៦១៦ គ្រឿង បន្ទាប់ពីមានការកើនឡើង ១១,៩៨% នៅក្នុងខែមិថុនា។
លោក Surapong Paisitpattanapong អ្នកនាំពាក្យផ្នែកឧស្សាហកម្មរថយន្តរបស់ FTI បានប្រាប់សន្និសីទសារព័ត៌មានថា ការនាំចេញបានធ្លាក់ចុះ ១៣,២៧% នៅក្នុងខែកក្កដាធៀបនឹងពេលឆ្នាំមុន ដោយសារភាពមិនច្បាស់លាស់លើពន្ធគយរបស់សហរដ្ឋអាមេរិក។
តែទោះជាយ៉ាងណាក៏ដោយ ការលក់រថយន្តក្នុងស្រុកសរុប បានកើនឡើងក្នុងរយៈពេល ៤ខែជាប់គ្នា គិតនៅត្រឹមខែកក្កដា ពោលគឺបានកើនឡើង ៥,៨៤% ពីមួយឆ្នាំទៅមួយឆ្នាំ។
ជម្រាបជូនថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ផងដែរ៕

