ឆមាសទី១នេះ កម្ពុជាទទួលបានលំហូរចូលវិនិយោគផ្ទាល់ពីបរទេស ២ ប៊ីលានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានលំហូរចូលវិនិយោគផ្ទាល់ពីបរទេសមាន ២ ប៊ីលានដុល្លារអាមេរិក ដោយបានកើន ១៣,១%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ធនាគារជាតិនៃកម្ពុជា បានបង្ហាញកាលពីពេលថ្មីៗនេះថា លំហូរចូលវិនិយោគផ្ទាល់បរទេសមាន ២ ប៊ីលានដុល្លារអាមេរិក ក្នុងឆមាសទី១នេះ ដោយបានកើន ១៣,១% ដែលគាំទ្រដោយកំណើនការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ៣,៧ដង និងវិស័យមិនមែនហិរញ្ញវត្ថុ ៤,៣% ដោយក្នុងនោះ វិស័យកម្មន្តសាល កើន ២០,៩% និងកសិកម្ម ៥,៥%។

ក៏ប៉ុន្តែវិស័យសណ្ឋាគារ និងការកម្សាន្តបានថយចុះ៤៧,៦% អចលនទ្រព្យ ២៦,២% សំណង់ ១៤,៤% ថាមពលថយចុះ១៣,១% ទូរគមនាគមន៍ថយ៣២,៣% អាជីវកម្មធនធានរ៉ែថយ៤៨% និងផ្សេងទៀតថយចុះ២៤,៧%។

ក្នុងឆមាសទី១នេះ ប្រទេសចិននៅតែបន្តនាំមុខក្នុងការវិនិយោគនៅកម្ពុជា ពោលប្រមាណ៧៧% នៃលំហូរវិនិយោគសរុប បន្ទាប់ពីចិនគឺ កូរ៉េ ៥,៩% បន្តកូរ៉េគឺសិង្ហបុរី ៣,៩% បន្ទាប់ពីនោះកាណាដា ៣,២% ម៉ាឡេស៊ី ២,៨% និងផ្សេងៗទៀត ៧,២%។

វិនិយោគផ្សេងទៀតបង្ហាញពីការកើនឡើងលំហូរចេញសុទ្ធ ១,៩ ប៊ីលានដុល្លារអាមេរិក (កើនឡើង ៦,៨%) ដែលបណ្តាលមកពីការកើនឡើងប្រាក់បញ្ញើនិងការទូទាត់បំណុលនៅក្រៅ ប្រទេសនៃវិស័យហិរញ្ញវត្ថុ ខណៈដែលការខ្ចីសុទ្ធរបស់រាជរដ្ឋាភិបាលកើនឡើង ៨,៣%។

ទោះបីជាយ៉ាងណា បើតាមធនាគារជាតិ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារសង្គ្រាមនិងភាពតានតឹងភូមិសាស្ត្រនយោបាយ និងនិន្នាការគាំពារនិយមក៏ដោយ សេដ្ឋកិច្ចកម្ពុជានៅរក្សាបានភាពធន់និងបន្តសម្រេចបានកំណើនល្អ ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ៕