ឧកញ៉ា ឡាយ ឈុនហួ ត្រូវបានទទួលសំឡេងគាំទ្រជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ ដោយទទួលបានសំឡេងចំនួន ១១៦ លើ ១១៧ សំឡេង។

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវកម្មវិធីមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥។
ពិធីបើកប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្រាប់អ្នកឈរឈ្មោះក្រុមប្រឹក្សាភិបាលក្នុងអាណត្តិទី៥ មានចំនួន ៣១ នាក់ ដែលក្នុងនោះមានប្រធានសហព័ន្ធ ចំនួន ១ នាក់ សមាជិកក្រុមប្រឹក្សាភិបាលចំនួន ២៧ នាក់ និងតំណាងសហគមន៍កសិកម្មជាប់ដោយស្វ័យប្រវត្តិចំនួន ៣ នាក់។
ជាលទ្ធផល ឧកញ៉ា ឡាយ ឈុនហួ ត្រូវបានទទួលសំឡេងគាំទ្រជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ ចំនួន ១១៦ លើ ១១៧ សំឡេង និង ឧកញ៉ា ចាន់ សុឃាំង ត្រូវបានទទួលសំឡេងគាំទ្រជាប់ជាប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ ពីសមាជិកក្រុមប្រឹក្សាភិបាល ចំនួន ២៨ លើ ២៨ សំឡេង។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនោះ មានអ្នកចូលរួមសរុបប្រមាណចំនួន ៣០០ នាក់ ក្នុងនោះអ្នកមានសិទ្ធិចូលរួមបោះឆ្នោតចំនួន ១១៧ នាក់ ដែលជាសមាជិកសកម្មរបស់សហព័ន្ធស្រូវអង្ករកម្ពុជា៕





