អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការចោទប្រកាន់គ្មានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាងច្បាស់លាស់ ពីភាគីថៃ ដែលថាកម្ពុជាដាក់មីនថ្មី។

តាមរយៈសេចក្ដីថ្លែងការណ៍ អាជ្ញាធរមីនបានលើកឡើថា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅក្បែរប្រាសាទតាក្របី មានឧប្បត្តិហេតុផ្ទុះមីនបណ្ដាលឱ្យទាហានថៃម្នាក់រងរបួសដាច់ប្រអប់ជើងខាងស្តាំ ហើយយោធាថៃបានចោទប្រកាន់ថាកម្ពុជាបានរំលោភលើបទឈប់បាញ់ និងអនុសញ្ញាអូតាវ៉ា ដោយកម្ពុជាបានដាក់មីនថ្មីធ្វើពីប្លាស្ទិក ដែលមិនអាចរកឃើញដោយឧបករណ៍រាវមីនស្ដង់ដារ។
ក្នុងរឿងនេះ អាជ្ញាធរមីន សូមសម្តែងនូវការសោកស្តាយចំពោះទាហានដែលរងគ្រោះដោយសារមីន និងសូមជូនពរឱ្យជាសះស្បើយយ៉ាងឆាប់រហ័ស ក៏ប៉ុន្តែកម្ពុជាក៏សូមបដិសេធយ៉ាងដាច់ខាតចំពោះការចោទប្រកាន់ ដែលថា កម្ពុជាបានដាក់មីនថ្មី ដោយការចោទប្រកាន់នេះមិនមានការស៊ើបអង្កេតត្រឹមត្រូវ ឬមានភស្តុតាង ច្បាស់លាស់។
អាជ្ញាធរមីន គូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាគោរពតាមបទឈប់បាញ់ និងបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋ ភាគីអនុសញ្ញាអូតាវ៉ា ចាប់តាំងពីឆ្នាំ២០០០ ដោយដាច់ខាតមិនប្រើប្រាស់មីនប្រឆាំងមនុស្ស កម្ពុជា មិនបានប្រើប្រាស់ ផលិត ឬដាក់មីនថ្មីឡើយ ចាប់តាំងពីអនុសញ្ញាចូលជាធរមានសម្រាប់កម្ពុជា។
តំបន់ដែលឧប្បត្តិហេតុកើតឡើង ស្ថិតនៅតាមបណ្ដោយព្រំដែនក្បែរប្រាសាទតាក្របី ដែលជា តំបន់មានមីនច្រើន បន្សល់ទុកពីសម័យសង្គ្រាម ជាច្រើនទសវត្សរ៍មកហើយ។ តំបន់ក្បែរប្រាសាទតាក្របី ដែលយោធាថៃបានអះអាងថា មានឧប្បត្តិហេតុផ្ទុះមីន គឺជាតំបន់ដែលមានមីនក្រាស់ និងហានិភ័យខ្ពស់។ ឧប្បត្តិហេតុនេះ គឺពិតជាបង្កឡើងដោយសារគ្រាប់មីនចាស់ មិនមែនជាគ្រាប់មីនថ្មីឡើយ ហើយទាមទារឱ្យយើងផ្ដោតសំខាន់លើ ការបោសសម្អាតមីនមនុស្សធម៌ ជាជាងការចោទប្រកាន់ដោយគ្មានការពិត។
ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ អាជ្ញាធរមីន សូមអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងៀម និងបន្តកិច្ចសហប្រតិបត្តិការចៀសវាងការបង្កើនកំដៅ។ កម្ពុជាសូមជំរុញឱ្យភាគីថៃ បង្ហាញនូវភស្តុតាង និងអនុញ្ញាតឱ្យមានស៊ើបអង្កេតឯករាជ្យ កម្ពុជា-ថៃ គឺជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងមានកាតព្វកិច្ចរួមក្នុងការបោសសម្អាតមីនចាស់ និងការពារមិនឱ្យមានការប្រើប្រាស់មីនថ្មី កម្ពុជាស្វាគមន៍ចំពោះយន្តការទ្វេភាគីដែលមានស្រាប់ រួមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ និងគំនិតផ្តួចផ្ដើមបោសសម្អាត មីនមនុស្សធម៌។
អាជ្ញាធរមីនបញ្ជាក់ជាថ្មីថា កម្ពុជាមិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីន ប្រឆាំងមនុស្សឡើយ និងនៅតែប្តេជ្ញាអនុវត្តតាមអនុសញ្ញាអូតាវ៉ា និងបទឈប់បាញ់។ កម្ពុជានឹងនៅប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងការបោសសម្អាតមីន ដែលបន្សល់ទុកពីសម័យសង្គ្រាម។ កម្ពុជាសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហានេះ ដោយទទួលខុសត្រូវ រក្សាឱ្យបានសន្តិភាព នៅតាមតំបន់ព្រំដែន និងធានាឱ្យបានសុវត្ថិភាពរបស់ប្រជាជនទាំងពីរ។ កម្ពុជាសូមជំរុញឱ្យភាគីថៃ អនុវត្តតាមបទឈប់បាញ់ និងមិនមានចល័តកងទ័ពនៅក្នុងតំបន់នោះ អំឡុងពេលនៃបទឈប់បាញ់៕





