ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម កាលពីពេលថ្មីៗនេះ បានពិភាក្សាជាមួយក្រុមហ៊ុនខ្នាតយក្សអាមេរិក Amazon លើគម្រោង Kuiper ជាមួយទុនវិនិយោគសរុបប្រមាណ ៥៧០លានដុល្លារ ដោយមានគោលបំណងផ្តល់សេវាអ៊ីនធើណិតតាមរយៈផ្កាយរណបល្បឿនលឿន នៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នៅក្នុងកិច្ចប្រជុំរវាងអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លោក Pham Duc Long និងប្រធានផ្នែកអាជ្ញាប័ណ្ណសកលរបស់ក្រុមហ៊ុន Amazon លោក Gonzalo de Dios បានបញ្ជាក់ឲ្យដឹងថា សម្រាប់គម្រោង Kuiper នេះ គឺមានគោណបំណងដាក់ពង្រាយផ្តាករណបច្រើនជាង ៣ ២០០ លើបណ្តាញកម្រិតទាបនៃគន្លងផែនដី (LEO) ដើម្បីផ្តល់ការតភ្ជាប់អ៊ីនធើណិតល្បឿនលឿនទៅកាន់តំបន់ដាច់ស្រយាល ទីជនបទ និងកោះ ក្នុងប្រទេស។
ទន្ទឹមនឹងនេះ លោក Long បានចាត់ឲ្យអាជ្ញាធរទូរគមនាគមន៍វៀតណាម និងអាជ្ញាធរគ្រប់គ្រងប្រេកង់វិទ្យុ សម្របសម្រួលជាមួយគម្រោងរបស់ក្រុមហ៊ុន Amazon លើបញ្ហាបច្ចេកទេស និងឯកសារ ដោយមានគោលដៅដាក់សំណើសម្រាប់កម្មវិធីសាកល្បង ទៅកាន់នាយករដ្ឋមន្ត្រី នៅខែកញ្ញាខាងមុខ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន Amazon បានបង្កើតមជ្ឈមណ្ឌល Amazon Kuiper Vietnam LLC រួចរាល់ហើយនៅទីក្រុងហូជីមិញ។ នៅថ្ងៃទី៦ ខែសីហា ក្រុមហ៊ុន ក៏បានដាក់ពាក្យសុំចូលរួមកម្មវិធីសាកល្បង ដើម្បីផ្តល់សេវាទូរគមនាគមន៍ផ្កាយរណប LEO ក្រោមសេចក្តីសម្រេចចិត្តលេខ ១៩៣ របស់រដ្ឋសភាវៀតណាម ផងដែរ៕

