អង្គការ NATO បានប្រកាសថា រដ្ឋជាសមាជិកទាំងអស់នឹងបំពេញគោលដៅរបស់ពួកគេ ក្នុងការចំណាយ ២% នៃ GDP លើវិស័យការពារជាតិ នៅឆ្នាំនេះ ជាមួយនឹងការចំណាយសរុបកើនឡើងលើសពី ១,៥ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការណាតូកាលពីថ្ងៃទី២៧ ខែសីហា បានបង្ហាញថា ប្រទេសជាង ១០ ក្នុងចំណោមសមាជិក ៣២ នៃអង្គការនេះមិនបានបំពេញការចំណាយ ២% នៃ GDP សម្រាប់វិស័យការងារជាតិ កាលពីឆ្នាំមុនទេ ដោយបរាជ័យពីគោលដៅដែលបានកំណត់ដោយអង្គការ ក្នុងឆ្នាំ២០១៤។
តែទោះជាយ៉ាងណាក៏ដោយ អង្គការណាតូបាននិយាយថា រដ្ឋជាសមាជិកទាំងអស់ នឹងសម្រេចបានគោលដៅនៅឆ្នាំនេះ ដោយនាំឲ្យការចំណាយសរុបរបស់អង្គការ កើនលើសពី ១,៥ទ្រីលានដុល្លារ។ ក្នុងនោះ ប្រទេសចំនួន ៧ នឹងសម្រេចបានការចំណាយអប្បបរមា ២% ហើយប្រទេសមួយចំនួនទៀត នឹងលើសពីនេះ។
ជម្រាបជូនផងដែរថា ដោយស្ថិតនៅក្រោមសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មេដឹកនាំណាតូ បានព្រមព្រៀងគ្នា កាលពីខែមិថុនា ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងខ្លាំង ក្នុងរយៈពេលមួយទសវត្សចុងក្រោយ។
មេដឹកនាំសហរដ្ឋអាមេរិក ចង់ឲ្យសមាជិកអង្គការប្តេជ្ញាចំណាយ ៥% នៃ GDP លើគោលបំណងទាក់ទងនឹងសន្តិសុខ ដែលត្រូវបានគេមើលឃើញថាជាលក្ខខណ្ឌមួយ ដើម្បីធានាថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងមិនបោះបង់ចោលអង្គការណាតូឡើយ៕

