CEO ក្រុមហ៊ុនផលិតមនុស្សយន្តធំបំផុតរបស់ចិន Unittree ឡើងតំណែងជាមហាសេដ្ឋីជាថ្មី

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់លោក Wang Xingxing ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតមនុស្សយន្ត Unittree បានកើនឡើងដល់រាប់សិបពាន់លានដុល្លារ នៅពេលដែលក្រុមហ៊ុននេះ បានចុះបញ្ជីជាសាធារណៈលើកដំបូង នៅទីផ្សារហ៊ុនរបស់ទីក្រុងសៀងហៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងវគ្គជួញដូរលើកដំបូងរបស់ខ្លួននៅលើផ្សារហ៊ុនសៀងហៃ នៅថ្ងៃទី១៩ ខែសីហា ភាគហ៊ុនរបស់ Unitree បានកើនឡើងរហូតដល់ ៦២៩%។ ជុំវិញការបង្ហាញខ្លួនលើកដំបូងដ៏គួរឱ្យភ្ញាក់ផ្អើលនេះបា នជំរុញឱ្យស្ថាបនិក ប្រធាន និងនាយកប្រតិបត្តិរបស់ Unitree គឺលោក Wang ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីបច្ចេកវិទ្យាដែលមានបំផុតរបស់ប្រទេសចិន ដោយទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ ១៦ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយពី ​​​​Forbes។

គួរឲ្យដឹងផងដែរថា លោក Wang ធ្លាប់ឡើងតំណែងជាមហាសេដ្ឋីជាលើកដំបូង នៅដើមខែសីហា នៅពេលដែលក្រុមហ៊ុនផលិតមនុស្សយន្តដែលមានមូលដ្ឋាននៅទីក្រុង Hangzhou មួយនេះ បានរៃអង្គាសទឹកប្រាក់បាន ៦,១ពាន់លានយ៉ន់ (ប្រហែល ៩០០លានដុល្លារ) នៅក្នុងការបោះផ្សាយលក់ IPO របស់ខ្លួន។ នៅពេលនោះ Forbes បានប៉ាន់ប្រមាណថាលោក Wang មានទ្រព្យសម្បត្តិ ២,៤ពាន់លានដុល្លារ។

ជម្រាបជូនថា យោងតាមទិន្នន័យឧស្សាហកម្ម Unitree គឺជាក្រុមហ៊ុនផលិតមនុស្សយន្តដែលមានរាងដូចមនុស្សធំជាងគេទីពីររបស់ពិភពលោក និងជាក្រុមហ៊ុនផលិតឆ្កែយន្តធំជាងគេបំផុតរបស់ពិភពលោក ដោយផ្អែកតាមបរិមាណផលិតកម្មផងដែរ។ មនុស្សយន្តដែលមានរាងដូចមនុស្សរបស់ក្រុមហ៊ុននេះ ត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យមជាង ១៦៦ ០០០យ៉ន់ (ឬស្មើជាង ២៣ ០០០ដុល្លារ)៕​