អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិន កើនឡើងដល់ជិត ១ទ្រីលានដុល្លារ

អន្តរជាតិ

នៅក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ប្រទេសចិនបានសម្រេចនូវអតិរេកពាណិជ្ជកម្មជិត ៩៤០ពាន់លានដុល្លារ ដែលជាចំនួនមួយកំពុងខិតជិតដល់កម្រិតបំបែកកំណត់ត្រាថ្មី កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១៤ ខែតុលា ស្ថាប័នគយចិនបានបង្ហាញទិន្ន័យដែលបង្ហាញថា ការនាំចេញក្នុងខែខែកញ្ញា បានកើនឡើងជាង ៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកុម្ភៈមក។ ចំណែកឯការនាំចូលក៏បានកើនឡើង ៣១% ផងដែរ ដោយលើសពីការព្យាកររបស់អ្នកជំនាញសេដ្ឋកិច្ចជាច្រើន។

ជារួម នៅក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ អតិរេកពាណិជ្ជកម្មរបស់ចិនបានឈានដល់ ៩៣៨ពាន់លានដុល្លារ ដោយវាកំពុងបន្តដំណើរឆ្ពោះទៅរកការបំបែកកំណត់ត្រាចំនួន ១,១ទ្រីលានដុល្លារកាលពីឆ្នាំមុន ខណៈល្បឿននៃការនាំចូល និងការនាំចេញមិនបានបង្ហាញសញ្ញានៃការថមថយនោះឡើយ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៦ នេះ។

គួរជម្រាបជូនថា តម្រូវការអន្តរជាតិដ៏រឹងមាំបានទូទាត់សងដល់ការធ្លាក់ចុះនៃការប្រើប្រាស់នៅក្នុងស្រុក ដែលជួយកាត់បន្ថយសម្ពាធលើយុទ្ធនាការរបស់មន្ត្រីចិនក្នុងការសម្រេចគោលដៅកំណើននៅឆ្នាំនេះ។ នេះក៏ជាឆ្នាំទីពីរជាប់ៗគ្នាផងដែរ ដែលការនាំចេញរបស់ចិន បានបង្ហាញនូវលទ្ធផលយ៉ាងខ្លាំងក្លា ទោះបីជាមានសម្ពាធពីបណ្តាប្រទេសលោកខាងលិចដែលព្យាយាមធ្វើឱ្យពាណិជ្ជកម្មមានតុល្យភាពជាមួយទីក្រុងប៉េកាំងក៏ដោយ៕