លោក Masayoshi Son មហាសេដ្ឋីមានបំផុតនៅប្រទេសជប៉ុន និងលោក Lee Jae Yong មហាសេដ្ឋីកំពូលនៅប្រទេសកូរ៉េខាងត្បូង បានខាតបង់ទ្រព្យសម្បត្តិសរុបជាង ៨ពាន់លានដុល្លារ ក្នុងពេលត្រឹមតែមួយថ្ងៃ កាលពីថ្ងៃអង្គារ ដោយជាប់ក្នុងចំណោមមហាសេដ្ឋីទាំង៥ ដែលខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។

យោងតាមទិន្នន័យជាក់ស្តែងពីទស្សនាវដ្តី Forbes បានឱ្យដឹងថា លោក Son នាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគ SoftBank បានខាតបង់ទ្រព្យសម្បត្តិអស់ ៥,៥ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះទ្រព្យសម្បត្តិច្រើនជាងគេក្នុងចំណោមមហាសេដ្ឋីពិភពលោកផ្សេងទៀត។
ទ្រព្យសម្បត្តិសរុបរបស់លោក Son បច្ចុប្បន្នមានចំនួន ៦៤,៣ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ៧,៨% បើធៀបនឹងថ្ងៃចន្ទ ដោយឈរនៅលេខរៀងទី៣០ ក្នុងនាមជាអ្នកមានបំផុតលើពិភពលោក។
ទន្ទឹមនឹងនេះ លោក Lee ប្រធានក្រុមហ៊ុន Samsung Electronics បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះអស់ ២,៨ពាន់លានដុល្លារ ផងដែរក្នុងពេលត្រឹមតែមួយថ្ងៃ។ បច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ២៩,៤ពាន់លានដុល្លារ ដោយឈរនៅលេខរៀងទី៨០ លើពិភពលោក។
ចំណែកឯមហាសេដ្ឋីកំពូលផ្សេងទៀតដែលខាតបង់ទ្រព្យសម្បត្តិច្រើនបំផុតផងដែរនោះ សុទ្ធសឹងតែមកពីសហរដ្ឋអាមេរិក។ ក្នុងនោះលោក Larry Ellison ប្រធានក្រុមហ៊ុន Oracle បានខាតបង់ ៤,៤ពាន់លានដុល្លារ លោក Michael Dell ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Dell Technologies ខាតបង់ ៣,៩ពាន់លានដុល្លារ និងលោក Jeff Bezos ប្រធានក្រុមហ៊ុន Amazon បានខាតបង់ទ្រព្យសម្បត្តិអស់ ២,៦ពាន់លានដុល្លារ៕

