នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលរៀបចំជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដែលដឹកនាំដោយ ឧត្តមនាវីត្រី GLENN Z. DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ក្នុងខេត្តបាត់ដំបង។


ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឯក សំអូន បានសម្តែងការស្វាគមន៍ចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ក្រោមអាណត្តិដឹកនាំដោយប្រទេសហ្វីលីពីន ព្រមទាំងថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងកន្លងមករហូតដល់បច្ចុប្បន្ន ក្នុងការចូលរួមគាំទ្រដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនុកចិត្តក្នុងតំបន់ ក្រោមយន្តការអាស៊ាន។ ទន្ទឹមនឹងនេះ ឯកឧត្តមមេបញ្ជាការ ក៏បានជម្រាបជូនប្រតិភូអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ផងដែរ។

ជាការឆ្លើយតប ឧត្តមនាវីត្រី GLENN Z. DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន នៃប្រទេសហ្វីលីពីនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់យោធភូមិភាគទី៥ ដែលតែងតែសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់គ្រប់បេសកកម្មក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់នេះ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាតែងតែផ្តល់ការគាំទ្រពេញទំហឹង និងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ ឬចូលរួមជួយលើកិច្ចការសន្តិភាព។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញ ខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត ដើម្បីឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស ព្រមទាំងវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕



