នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffle Le Royal លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកនាំ សមាជិក-សមាជិកា ជួបសម្ដែងការគួរសម និងប្រគល់ថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងពិធីសំណេះសំណាល និងប្រគល់-ទទួល ថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានពាំនាំថវិកាចំនួន ៤៣៤,០០០,០០០ រៀល ដើម្បីជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយថវិកាទាំងនេះ គឺទទួលបានពីការចូលរួមបរិច្ចាគពីសប្បុរសធម៌ ដែលជាសមាជិក នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាដើម្បីរួមចំណែកជួយទ្រទ្រង់បេសកម្មមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ជាពិសេសជួយដល់អាយុជីវិតទារក និងកុមារកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ”។
លោកអ្នកឧកញ៉ា លី ហួរ តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានសម្តែងនូវអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំងដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ ផ្តល់កិត្តិយសដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានចូលជួបសម្តែងការគួរសម និងចូលរួមបរិច្ចាគថវិកាជូនដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ដោយផ្ទាល់។
លោកអ្នកឧកញ៉ា បញ្ជាក់បន្ថែមថា ថវិកាទាំងនេះគឺទទួលបានពីការចូលរួមបរិច្ចាគពីសប្បុរសជន ដែលជាសមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សម្រាប់សកម្មភាពសប្បុរសធម៌ជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសការជួយអាយុជីវិត និងសង្គ្រោះកុមារកម្ពុជា ក្នុងស្មារតី “ខ្មែរស្រឡាញ់ខ្មែរ” ។
លោកអ្នកឧកញ៉ាបន្តថា ក្នុងនាមប្រធានសមាគម និងតំណាងឱ្យសមាជិកសមាជិកានៃសមាគម ដែលជាក្រុមហ៊ុនអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងក្នុងការបរិច្ចាគថវិកាប្រចាំឆ្នាំជូនមូលនិធិ។ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» និង «សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» ជាស្ថាបនិក ចំពោះគំនិតលួចផ្ដើមដ៏ខ្ពង់ខ្ពស់ថ្លៃថ្លា ក្នុងការបង្កើត និងការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងជំនួបខាងលើនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ «សម្តេចធិបតី» និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលតែងតែបានចូលរួមសកម្មភាពមនុស្សធម៌ដោយសទ្ធាជ្រះថ្លា និងដោយស្ម័គ្រចិត្ត ជាបន្តបន្ទាប់ក្នុងការងារសង្គម និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលទាំងនេះបានឆ្លុះបញ្ចាំងអំពីការចូលរួមប្រកបដោយឆន្ទៈ និងបេះដូងមនុស្សធម៌ពិតៗ របស់សមាជិកសមាជិកា នៃសមាគម ក្នុងការជួយដល់សង្គមជាតិរបស់យើង។ ជាពិសេសក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” នេះគឺជាការចូលរួមមួយដ៏សំខាន់បំផុត ក្នុងការជួយដល់ជីវិតកុមារកម្ពុជា៕






















