ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ចង់ពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះជាមួយកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា សំដៅឈានទៅជំរុញកំណើនសេដ្ឋកិច្ច។ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានឱ្យដឹងថា ប្រតិបត្តិការ និងបទពិសោធន៍របស់ធនាគារ ដែលផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធនាគារ AIIB មានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា។ ជាមួយគ្នានេះ ធនាគារក៏មានចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើប នៅកម្ពុជា ផងដែរ។

ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍ ខណៈសម្តេចថា វិស័យហេដ្ឋារចនាសម្ព័ន្ធរឹង នៅតែជាវិស័យអាទិភាព ដែលកម្ពុជាត្រូវបន្តអភិវឌ្ឍ ដូចជាផ្លូវ​ ថ្នល់ និងស្ពាន ជាដើម។ សម្ដេចបញ្ជាក់ជូនលោកប្រធានក្រុមប្រឹក្សាភិបាល អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ ដូចជាការកសាងអាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងគម្រោងព្រែកជីកហ្វូណនតេជោ សំដៅជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឡូជីស្ទីក។

បន្ថែមលើនះសម្ដេចធិបតីបន្តថា អាទិភាពចម្បងរបស់រាជរដ្ឋាភិបាលចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗ មកហូតមកបច្ចុប្បន្ន គឺផ្ដោតសំខាន់ទៅលើការកសាងនូវមូលធនមនុស្សប្រកបដោយគុណភាព។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយកែទម្រង់វិស័យអប់រំ តាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតវិទ្យាល័យ, កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងពង្រឹងមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ពិសេសការផ្ដល់សេវានៅថ្នាក់មូលដ្ឋាន។

សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្ដោតអាទិភាពទៅលើការកសាងមូលធនមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាការវិនិយោគរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការរីកចម្រើននៃវិស័យឧស្សាហកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត។

ជាថ្មីម្តងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនានានៅកម្ពុជា និងលើកទឹកចិត្តឱ្យធនាគារបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងបន្ថែមទៀត៕