លោក ហោ សារុន៖ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង១លាននាក់ ក្នុងរយៈពេល៣ខែឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍» នៅខេត្តពោធិ៍សាត់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល៣ខែ នៃឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាននាក់ កើនឡើងជាង៧០៩%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក ហោ សារុន បានបញ្ចាក់ថា « ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៣នេះ យើងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១.២៩១.៥៣៩នាក់ កើនឡើងជាង ៧០៩,៥% ធៀបនឹងឆ្នាំ២០២២ ក្នុងនោះទេសចរជនជាតិថៃ វៀតណាម និងចិន កំពុងនាំមុខគេ»។

គួរបញ្ចាក់ថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍កន្លងទៅ បានបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៣ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងហោចណាស់៤លាននាក់ ដែលក្នុងនោះ មានទេសចរជនជាតិចិនប្រមាណ១លាននាក់។ស្របពេលការរំពឹងនេះ ក្រសួងទេសចរណ៍បានសម្រេចដាក់ចេញនូវផែនការសកម្មភាពចំនួន ៥ចំណុច។ ដោយក្នុងនោះរួមមាន ការរៀបចំសេចក្តីព្រាងវិធានការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ការលើកកម្ពស់កិត្តិនាមទេសចរណ៍ ការផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាមួយនិងយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ «មួយខែ យ៉ាងតិចមួយព្រឹត្តិការណ៍» ដើម្បីបង្កើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

គួររម្លឹកផងដែរថា នៅក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ២លាន២សែននាក់៕