កុមារកម្ពុជាជាង ១,៧លាននាក់ ត្រូវបានកំណត់ថានឹងជាអ្នកទទួលបានប្រយោជន៍ពីការកែលម្អការអប់រំនៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោកបាន អនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋានក្នុងប្រទេសកម្ពុជានៅជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០លានដុល្លារពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥ លានដុល្លារពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី។

គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ លើសពីនេះ គម្រោងក៏នឹងពង្រីកលទ្ធភាពទទួលបានសេវាអប់រំកុមារតូច និងសេវាថែទាំកុមារ, កែលម្អគុណភាពនៃការបង្រៀន, ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យអប់រំ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា“គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើ មូលធនមនុស្ស និងធានាថាកុមារគ្រប់រូបមានឱកាសរៀនសូត្រ។ តាមរយៈការផ្តោតលើការរៀនសូត្រជាមូលដ្ឋាន យើងកំពុងរៀបចំមូលដ្ឋានគ្រឹះសម្រាប់អនាគតមួយដែលកាន់តែមានភាពធន់ និងវិបុលភាពជាងមុន”។
ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ ប៉ុន្តែការវាយតម្លៃនានា បានបង្ហាញថា កុមារជាច្រើនមិនទាន់ទទួលបានជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋានដែលចាំបាច់សម្រាប់ការ បន្តការសិក្សា ឬសម្រាប់ទទួលបានការងារដែលត្រូវការជំនាញខ្ពស់នៅឡើយទេ។ គម្រោងកែលម្អការអប់រំកម្រិត មូលដ្ឋាននឹងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការអនុវត្តសកម្មភាពដែលមានប្រសិទ្ធភាពក្នុងការ ចំណាយ និងផ្អែកលើភស្តុតាងជាក់ស្តែង ដើម្បីកែលម្អលទ្ធផលនៃការរៀនសូត្ររបស់កុមារ។
លោកស្រី តានញ៉ា ម៉េយ័រ ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា’កំណើនវែងឆ្ងាយទៅមុខរបស់កម្ពុជា អាស្រ័យលើភាពរឹងមាំនៃមូលធនមនុស្សរបស់ប្រទេសនេះ។ គម្រោងនេះនឹងជួយធានាថាកុមារទទួលបានជំនាញមូលដ្ឋានដែលពួកគេត្រូវការ ដើម្បីឈានទៅសម្រេចជោគជ័យនៅក្នុងសាលា និងការងាររបស់ពួកគេនាអនាគត។ ធនាគារពិភពលោកមានមោទនភាពក្នុងការ ជួយគាំទ្រការកសាងប្រព័ន្ធអប់រំមួយកាន់តែរឹងមាំ និងមានភាពធន់ជាងមុន ដែលអាចជួយរៀបចំដល់កុមារកម្ពុជា សម្រាប់ការងារនាពេលខាងមុខ”។

បើតាមធនាគារពិភពលោក, គម្រោងនេះនឹងជួយដល់ការការបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈចំនួន ៦០ កន្លែង និងថ្នាក់មត្តេយ្យសិក្សាថ្មីចំនួន ៦០ថ្នាក់ដើម្បីជួយម្តាយដែលកំពុងធ្វើការឱ្យមានលទ្ធភាពទទួលបាននូវសេវាថែទាំកុមារមានសុវត្ថិភាព និងមានតម្លៃសមរម្យ ហើយស្របគ្នានោះជួយកុមារត្រៀមលក្ខណៈសម្រាប់ចូលរៀននៅកម្រិតបឋមផងដែរ។ បន្ថែម លើសិស្សបឋមសិក្សាជាង ១,៧លាន់នាក់ ដែលនឹងទទួលផលប្រយោជន៍ពីគម្រោងនេះ មានកុមារតូចអាយុពីសូន្យ ដល់ ២ឆ្នាំ ប្រហែល២២០០នាក់ និងកុមារអាយុពី៣ដល់៥ឆ្នាំជាង៥០ ០០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ពី ការពង្រីកមណ្ឌលថែទាំកុមារ និងថ្នាក់មត្តេយ្យសិក្សា។
ដើម្បីពង្រីកកម្មវិធីអំណាន និងកម្មវិធីគណិតវិទ្យាថ្នាក់ដំបូងនៅទូទាំងប្រទេសគម្រោងនឹងផ្តល់ការណែនាំ និងការបង្វឹកដល់គ្រូបង្រៀនជាង ៣៧ ០០០នាក់ និងផ្តល់ការបង្រៀនដល់សិស្សដែលរៀនអន់ជាងគេដែលជាគោលដៅត្រូវជួយ។ លើសពីនេះ ដើម្បីកាត់បន្ថយភាពណែនណាន់ ក្នុងថ្នាក់ និងបង្កបរិយាកាសសម្រាប់រៀនសូត្រឱ្យបានកាន់តែប្រសើរ គម្រោងនឹងគាំទ្រថវិកាសម្រាប់ការសាងសង់ ថ្នាក់រៀនថ្មីចំនួន ៩០០បន្ទប់ និងសម្រាប់សង់បន្ទប់ទឹក និងកន្លែងលាងដៃសម្រាប់កុមារា និងកុមារី ប្រើប្រាស់ដោយ ឡែកពីគ្នា ផងដែរ៕

