អាមេរិក បន្តបើកការស៊ើបអង្កេតលើការនាំចូលបន្ទះសូឡាពីឥណ្ឌា ឡាវ និងឥណ្ឌូណេស៊ី

អន្តរជាតិ

គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (ITC) បានបោះឆ្នោតកាលពីចុងសប្តាហ៍មុន ដើម្បីបន្តការស៊ើបអង្កេតថា តើបន្ទះសូឡាពីនាំចូលប្រទេសពីឥណ្ឌា ឡាវ និងឥណ្ឌូណេស៊ី កំពុងរារាំងដល់ការផលិតក្នុងស្រុកដែរឬទេ ដែលអាចនឹងឈានដល់ការដាក់ពន្ធគយខ្ពស់បំផុត លើទំនិញពីប្រទេសទាំងនោះ។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការសម្រេចចិត្តជាឯកច្ឆ័ន្ទនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះសូឡាក្នុងស្រុក បានប្តឹងថា ក្រុមហ៊ុនចិនដែលមានប្រតិបត្តិការនៅក្នុងប្រទេសទាំងបីខាងលើនោះ ទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាលដោយមិនយុត្តិធម៌ ហើយកំពុងលក់ផលិតផលរបស់ពួកគេ ក្រោមតម្លៃផលិតកម្មនៅសហរដ្ឋអាមេរិក។

យ៉ាងណាមិញ បើតាមលោក Tim Brightbill អ្នកដឹកនាំក្រុមប្រឹក្សាសម្ព័ន្ធសម្រាប់ការផលិត និងពាណិជ្ជកម្មបន្ទះសូឡាអាមេរិក បាននិយាយថា៖” ការសម្រេចចិត្តរបស់ ITC ថ្ងៃនេះ បានបញ្ជាក់ពីអ្វីដែលញត្តិរបស់យើងបានដាក់ទៅថា ក្រុមហ៊ុនផលិតបន្ទះសូឡារបស់អាមេរិក កំពុងត្រូវបានកាត់បន្ថយ និងរងការខូចខាតដោយការនាំចូលដោយអយុត្តិធម៌”។

លោក Tim បានបន្ថែមទៀតថា ៖”​ក្រុមហ៊ុនដែលគ្រប់គ្រងដោយចិន និងក្រុមហ៊ុនផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា ឡាវ និងឥណ្ឌូណេស៊ី កំពុងចូលរួមនៅក្នុងប្រព័ន្ធនេះ ជាមួយនឹងការអនុវត្តដោយអយុត្តិធម៌ដែលវាបានបំផ្លាញការងារ និងការវិនិយោគរបស់សហរដ្ឋអាមេរិក”។

ជម្រាបជូនថា ការនាំចូលបន្ទះសូឡាពីប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី និងឡាវ បានកើនឡើងដល់ ១,៦ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺបានកើនឡើងពី ២៨៩លានដុល្លារ ក្នុងឆ្នាំ២០២២។ ការនាំចូលទាំងនេះភាគច្រើន ត្រូវបានគេជឿជាក់ថាបានផ្លាស់ប្តូរចេញពីប្រទេសដែលទទួលរងពន្ធគយខ្ពស់រួចមកហើយ ដែលសហរដ្ឋអាមេរិក បានដាក់លើការនាំចេញបន្ទះសូឡា នៅអាស៊ីអាគ្នេយ៍៕​