អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបានទទួលយកសំណើ ក្នុងការជំរុញអោយភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។

នេះបើយោងតាមប្រសាសន៍របស់លោក លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសចិន នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ លោកអគ្គលេខាធិការ បានបញ្ជាក់ថា លោកផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។ លោក ក៏បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញអោយស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទន្ទឹមគ្នានេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ ក៏បានទទួលយកសំណើ ក្នុងការជំរុញអោយភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។
ជាថ្មីម្តងទៀត លោក ក៏សូមអោយដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិផងដែរ៕ អត្ថបទ៖ ហ្សាលីន

