រយៈពេលពីររាត្រី គឺនៅរាត្រីថ្ងៃទី៣០-៣១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-សិល្បការិនីល្បីៗ រៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌ ដើម្បីរួមគ្នាផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ និងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ នៅផ្លូវថ្មើរជើងចតុមុខ(Walk Street) រាជធានីភ្នំពេញ។ ជាលទ្ធផល ការសម្តែងពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនទាំងភ្ញៀវជាតិ និងអន្តរជាតិ។

បើតាមសមាគមសិល្បករខ្មែរ បានឱ្យដឹងថា កម្មវិធីតន្ត្រីសប្បុរសធម៌នេះ មានកម្មវិធីសិល្បៈជាច្រើន ដែលបានរៀបចំជាទស្សនីយភាពជូនដល់សាធារណជន ដើរឆ្លងកាត់ផ្លូវ walk street បានទស្សនាកម្សាន្តផង និងចូលជាមូលនិធិផង នាពេលរាត្រីដ៏ត្រជាក់ ក្រោមតំណក់ទឹកភ្លៀងរលឹមស្រិចៗ។ ក្នុងនោះកម្មវិធីបានរៀបចំកម្មវិធីដូចជា ការគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា គោរពវិញ្ញាណក្ខន្ធវីរកងទ័ព ចម្រៀងពង្សាវតារខ្មែរ សិល្បៈចាប៉ីដងវែង ល្ខោនខោល ការរាំសូពិសេស ចម្រៀងតារាល្បីៗ ឌីជេ និងកំប្លែងនាយក្រឹម ជាដើម ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ធ្លាប់បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌នេះ ក្នុងគោលបំណង ទី១- ជាការរ៉ៃអង្គាសថវិកាជួយទៅដល់បងៗជាវីរកងទ័ពជួរមុខ និងជនភៀសសឹក និងទី២- ចង់បង្ហាញលើកស្ទួយ និងផ្សព្វផ្សាយវិស័យសិល្បៈ វប្បធម៌របស់ខ្មែរ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យបានឃើញ បានដឹងផ្ទាល់ ហើយវាក៏ជាការបង្កើនសេដ្ឋកិច្ចមួយផងដែរ។
ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណទាំងក្នុង និងក្រៅប្រទេសដែលសុទ្ធសឹងតែជាសប្បុរសជន សូមមានសុខភាពល្អ និងបួងសួងសុំឱ្យទេវតាឆ្នាំថ្មី ឃុំគ្រងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានសុខភាពល្អទទួលបានជ័យជំនះ និងកម្ពុជាទទួលបានសុខសន្តិភាព នាពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា កម្មវិធីតន្ត្រីសប្បុរសធម៌ របស់សមាគមសិល្បករខ្មែរ បានរៀបចំរយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី៣០-៣១ សីហា ២០២៥ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជន ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរឆ្លងកាត់ឆាកតន្ត្រីរបស់សមាគម ក៏បានចូលថវិកាផ្ទាល់ខ្លួនជាមួយមូលនិធីតន្ត្រីសប្បុរសធម៌នេះផងដែរ៕












រូបភាព៖ សមាគមសិល្បករខ្មែរ

