លោក តូ ឡឹម៖ វៀតណាមបានផ្ដល់តម្លៃយ៉ាងខ្ពស់ ចំពោះទំនាក់ទំនងជាមួយកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក តូ ឡឹម (To Lam ) អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម បានលើកឡើងថា ប្រទេសវៀតណាមបានផ្ដល់តម្លៃយ៉ាងខ្ពស់ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមទាំងពេលកន្លងមក និងពេលអនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោក តូឡឹម បានស្វាគមន៍សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញទស្សនកិច្ច និងចូលរួមក្នុងខួបអនុស្សាវរីយ៍៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាមនាពេលនេះ។ លោកបានចាត់ទុកវត្តមានសម្ដេចតេជោ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាមដ៏រឹងមាំដែលមាននាពេលកន្លងមកដល់ពេលបច្ចុប្បន្ននេះ ខណៈលោកថា វៀតណាមបានផ្ដល់តម្លៃយ៉ាងខ្ពស់ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តម តូ ឡឹម ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូដែលបានអញ្ជើញមកកាន់ប្រទេសវៀតណាមនាឱកាសនេះ។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះបដិវត្តន៍ខែសីហា កាលពីឆ្នាំ១៩៤៥ ដែលមានអត្ថន័យសម្រាប់ប្រទេសវៀតណាម និងក៏ជាចំណុចសំខាន់មួយដែលកើតមានចលនានៃការតស៊ូដើម្បីទាមទារឯករាជ្យទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

ទន្ទឹមគ្នានេះ សម្ដេចតេជោ បានបង្ហាញនូវក្តីរីករាយដែលទំនាក់ទំនងទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលក៏មានភាពល្អប្រសើរ។ សម្ដេចតេជោបន្តថាថា ស្នូលសំខាន់នោះ គឺក្របខ័ណ្ឌនៃទំនាក់ទំនងបក្សនៃប្រទេសទាំងពីរមានការរីកចម្រើន ហើយជំនួបកំពូលនៃមេដឹកនាំគណបក្សទាំងពីរកាលពីពេលកន្លងទៅគឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែប្រសើរ។

តាមរយៈជំនួបនោះ ភាគីវៀតណាម ក៏បានជំរុញបន្ថែមទៀតឱ្យប្រទេសទាំងពីរ ជាពិសេសក្នុងក្របខ័ណ្ឌគណបក្ស បន្តចែករំលែកផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមក និងការតភ្ជាប់យុវជននិងយុវជន ឱ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត៕ អត្ថបទ៖ ហ្សាលីន