ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូល BYD បានប្រកាសពីការធ្លាក់ចុះផលិតកម្មរបស់ខ្លួនក្នុងរយៈពេល ២ខែក្នុង ក្នុងខែសីហា ដែលជាការធ្លាក់ចុះប្រចាំខែជាប់ៗគ្នាជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០២០ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនផលិតរថយន្ត EV ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានផលិតរថយន្តអគ្គិសនីសុទ្ធ និង Plug-in Hybrid (PHEV) ចំនួន ៣៥៣,០៩០ គ្រឿងនៅទូទាំងពិភពលោកកាលពីខែមុន ពោលគឺបានធ្លាក់ចុះ ៣,៧៨% បើធៀបនឹងពេលដូចគ្នាឆ្នាំមុន បន្ទាប់ពីមានការធ្លាក់ចុះ ០,៩% នៅក្នុងខែកក្កដា។
គួរឲ្យដឹងផងដែរថា ពេលចុងក្រោយដែលផលិតកម្មរបស់ក្រុមហ៊ុន BYD បានធ្លាក់ចុះពីរខែជាប់គ្នា គឺនៅក្នុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២០។
ទន្ទឹមនឹងនេះ បើតាមសារព័ត៌មាន Reuters បានរាយការណ៍កាលពីខែមិថុនាថា BYD ដែលជាគូប្រជែងដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla ហាក់កំពុងបន្ថយល្បឿនផលិតកម្មរបស់ខ្លូួន ដោយកាត់បន្ថយការផ្លាស់ប្តូរនៅរោងចក្រមួយចំនួន ក្នុងប្រទេសចិន និងថែមទាំងបានពន្យារពេលផែនការ ក្នុងការបន្ថែមខ្សែសង្វាក់ផលិតកម្មថ្មី ផងដែរ។
ជម្រាបជូនផងដែរថា ការលក់របស់ BYD នៅក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះ ១៤,៣% មកនៅត្រឹម ២៩២ ៨១៣ គ្រឿង ដែលជាការធ្លាក់ចុះក្នុងរយៈពេលបួនខែជាប់ៗគ្នា បើទោះបីជាការលក់នៅទូទាំងពិភពលោក នៅតែកើនឡើងបន្តិចក៏ដោយ៕

