ឧបនាយករដ្ឋមន្រ្ដី ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆមាសទី១ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ដើមឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ២៤.៧៦២សេវា និងទទួលបានចំណូលជាង ៥ពាន់លានរៀល។ នេះបើយោងតាមបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

ផ្អែកតាមរបាយការណ៍ស្តីពីវឌ្ឍនភាពរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋខេត្តកណ្តាល បានបញ្ជាក់ថា សេវាដែលមានពលរដ្ឋស្នើសុំច្រើនជាងគេមាន វិស័យសាធារណការ និងដឹកជញ្ជូនផ្តល់បានចំនួន ៨.២៦៤សេវា វិស័យសុខាភិបាលចំនួន ៤.៨៥៣សេវា វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីចំនួន ៤.៣៣៧សេវា (តាមប្រព័ន្ធអនឡាញបានចំនួន ៥.៧១០សេវា) វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ៥៨៤សេវា វិស័យនីត្យានុកូលកម្មផ្តល់បានចំនួន ៤៦៩សេវា វិស័យព័ត៌មានចំនួន ២០៥សេវា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំនួន១៥០សេវា និងវិស័យទេសចរណ៍ចំនួន ៧២សេវា។
សូមបញ្ជាក់ផងដែរថា អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកណ្ដាលមានទាំង១៣ក្រុង-ស្រុក និងបានដាក់ឱ្យដំណើរការដំបូង ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ដោយអនុវត្តតាមអនុក្រឹត្យលេខ១៨ អនក្រ.បក និងតាមប្រកាសលេខ ៣៨៧១ ប្រ.ក ក្នុងគោលបំណងលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្ដុំការផ្តល់សេវារដ្ឋបាល ទាំង១៤វិស័យស្មើនឹង៧០៥សេវា៕


