គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក.) ក្រុមការងារចុះជួយមូលដ្ឋាន រដ្ឋបាលខេត្តព្រះសីហនុ និងដៃគូវិនិយោគ បានផ្តួចផ្តើមរៀបចំអភិវឌ្ឍចំណតទូក (អ៊ូទូក) នៅស្រុកស្ទឹងហាវ ដើម្បីបម្រើឱ្យការជួសជុលទូក នាវា និងកប៉ាល់ នៅក្នុងស្រុក ដោយលែងបន្តពឹងផ្អែកកន្លែងជួសជុលដទៃទៀត ក្នុងស្មារតី ឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន។

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងរៀបចំអភិវឌ្ឍចំណតទូក នៅស្រុកស្ទឹងហាវ នេះដោយផ្ទាល់ ដើម្បីណែនាំជាអនុសាសន៍តម្រង់ទិសបន្ថែម។
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងទៀតថា គម្រោងនេះ ក៏បានគិតគូររៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តទ្រទ្រង់ លម្ហសាធារណៈ ផ្ទៃបៃតង និងរៀបចំលំនៅឋាន របស់ប្រជាជនឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាភូមិឋានក្សេមក្សាន្ត និងជាទ្រនំសុភមង្គល៕










