លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកស្រីទី១ Louise Araneta-Marcos បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោក និងលោកភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល០៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏អញ្ជើញដ៏ខ្ពង់ខ្ពស់ពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ ស្វាគមន៍ លោក ហ្វីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ លូស៊ីស អារ៉ាណេតា-ម៉ាកូស ផងដែរ។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ លូអ៊ីស អារ៉ាណេត~ម៉ាកូស (First Lady Louise Araneta~Marcos) បានអញ្ជើញមកដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថភាពកាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនទាំងពីរ៕ អត្ថបទ៖ហ្សាលីន



