ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla ថ្មីៗនេះទើបតែបានស្នើផ្តល់ឲ្យនាយកប្រតិបត្តិ Elon Musk នូវកញ្ចប់ទឹកចំនួនប្រមាណ ១ទ្រីលានដុល្លារ ដែលជាកញ្ចប់ទឹកប្រាក់បំណាច់ឆ្នាំដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តអាជីវកម្មអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្រោមផែនការនេះ លោក Musk អាចទទួលបានរហូតដល់ ១២% នៃភាគហ៊ុនរបស់ Tesla ប្រសិនបើលោកអាចជួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សអាមេរិក ឈានដល់ទីផ្សារគោលដៅរបស់ខ្លួន ចំនួន ៨,៦ទ្រីលានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំខាងមុខនោះ។ នេះមានន័យថា តម្លៃមូលធនទីផ្សាររបស់ Tesla នឹងត្រូវកើនឡើងជិត ៨ដង បើធៀបទៅនឹងតម្លៃនាពេលបច្ចុប្បន្ន។ នៅពេនោះ ភាគហ៊ុន ១២% របស់លោក Musk នឹងមានតម្លៃប្រមាណ ១,០៣ទ្រីលានដុល្លារ។
យ៉ាងណាមិញជុំវិញការផ្តល់ជូនដ៏ច្រើនលើសលប់នេះ ហាក់កំពុងបង្ហាញពីទំនុកចិត្តរបស់ក្រុមប្រឹក្សាភិបាល Tesla ទៅលើសមត្ថភាពរបស់លោក Musk នៅក្នុងការដឹកនាំក្រុមហ៊ុន ឆ្ពោះទៅកាន់ទិសដៅថ្មីមួយទៀត ចំពេលបច្ចុប្បន្នកំពុងប្រឈមមុខទៅនឹងការប្រកួតប្រជែងកាន់តែខ្លាំង ពីសំណាក់ក្រុមហ៊ុនចិន នៅក្នុងទីផ្សាររថយន្តអគ្គិសនី។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Tesla ក៏បានសង្កត់ធ្ងន់ផងដែរថា លោក Musk នឹងមិនបន្តទទួលបានប្រាក់បៀវត្សរ៍ ឬប្រាក់បន្ថែមទៀតនោះឡើយ ដោយប្រាក់ចំណូលរបស់លោក នៅក្នុងក្រុមហ៊ុន គិតមកទល់នឹងពេលនេះ គឺនឹងត្រូវបានផ្សារភ្ជាប់ទៅនឹងសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញតាមគោលដៅអាជីវកម្ម និងតម្លៃមូលធនទីផ្សាររបស់ខ្លួន ប៉ុណ្ណោះ។
ជម្រាបជូនផងដែរថា ទ្រព្យសម្បត្តិសរុបរបស់លោក Musk ឥឡូវនេះមានចំនួនប្រមាណ ៤៣៧ពាន់លានដុល្លារ ។ លោកបានប្រែក្លាយ Tesla ទៅជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោក។ លោកក៏គ្រប់គ្រងក្រុមហ៊ុនជាច្រើនផ្សេងទៀតផងដែរ រួមទាំងក្រុមហ៊ុនអវកាស SpaceX និងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI ជាដើម៕

