កម្មវិធីវីដេអូកម្សាន្តខ្លីដ៏ពេញនិយមបំផុតរបស់ពិភពលោក TikTok បានបង្ហាញឲ្យដឹងនៅពេលថ្មីៗនេះថា អ្នកប្រើប្រាស់ប្រចាំខែរបស់ខ្លួន បានកើនឡើងដល់ជាង ២០០ លាននាក់ នៅក្នុងតំបន់អឺរ៉ុប ដែលជាសញ្ញាចុងក្រោយបំផុតមួយនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ប្រាស់បណ្តាញសង្គម ក្នុងចំណោមយុវវ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ចំនួនចុងក្រោយនេះ គឺជាការកើនឡើងពី ១៧៥ លាននាក់កាលពីឆ្នាំមុន ក្នុងចំណោមអ្នកប្រើប្រាស់ទូទាំង ៣២ ប្រទេសនៅអឺរ៉ុប។ អ្នកនាំពាក្យម្នាក់ បាននិយាយថា TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេចិន ByteDance មានអ្នកប្រើប្រាស់ជាង ១ ពាន់លាននាក់ នៅទូទាំងពិភពលោក។
ជម្រាបជូនផងដែរថា ខណៈពេលដែលល TikTok បានប្រឈមមុខទៅនឹងបញ្ហាបទប្បញ្ញត្តិនៅទូទាំងពិភពលោក ក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះ ក៏កំពុងប្រឈមមុខទៅនឹងសម្ពាធខ្លាំង ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ ដែលកំពុងជំរុញឲ្យពួកគេលក់កម្មវិធីកម្សាន្តខ្លីនេះ នៅអាមេវិក។
ទន្ទឹមនឹងនេះ ខែពីអំឡុងខែឧសភា នៅអឺរ៉ុប TikTok ត្រូវបានរងពិន័យជាទឹកប្រាក់រហូតដល់ប្រមាណ ៥៣០លានអឺរ៉ូ (៦០០លានដុល្លារ) ដោយនិយតករឯកជនភាពរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់៕

