លោកអ្នកឧកញ៉ា ពុង ឃាវសែ ចុះចែកវត្ថុអនុស្សាវរីយ៍ដល់អ្នកដំណើរជើងហោះហើរដំបូង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះចែកវត្ថុអនុស្សាវរីយ៍ដល់អ្នកដំណើរជើងហោះហើរដំបូង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលពិធីទទួលជើងហោះហើរដំបូងនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“អាកាសយានដ្ឋានអន្តរជាតិតេជោ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។

សូមជម្រាបថា ជើងហោះហើរដំបូងគេ ដែលបានចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ហើយត្រូវបានទទួលស្វាគមន៍ ដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ លោកអ្នកឧកញ៉ា ពុង ឃាវសែ និងថ្នាក់ដឹកនាំរាជធានី ខេត្ត ដែលមានការបាញ់ទឹកទទួលស្វាគមន៍យន្តហោះ ការលេងឆៃយាំ បំពាក់កម្រងផ្កា និងចែកវត្ថុអនុស្សាវរីយ៍ ដល់អ្នកដំណើរផងដែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។ លក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747៕