អ្នកឧកញ៉ា លី ឃុនថៃ អំពាវនាវដល់ពលករដែលត្រឡប់មកពីថៃឬមិនទាន់ត្រឡប់មកវិញ រោងចក្រសមាជិកសមាគមស្បែកជើង ត្រូវការកម្មកររាប់ម៉ឺននាក់ ខណៈអ្នកឧកញ៉ាជឿថាប្រាក់ខែនៅខ្មែរមិនចាញ់នៅថៃឡើយ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា សមាជិកសមាគមស្បែកជើងកម្ពុជាជាច្រើននៅតែត្រូវការបុគ្គលិកចូលធ្វើការក្នុងរោងចក្រ យ៉ាងតិចរាប់ម៉ឺននាក់ ខណៈអ្នកឧកញ៉ាក៏បានអំពាវនាវដល់ពលករដែលវិលត្រឡប់ឬមិនទាន់វិលត្រឡប់មកពីថៃវិញ មកធ្វើការនៅខ្មែរមានការងារច្រើន  មានការរីកចម្រើន មានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់សារព័ត៌មាន អ្នកឧកញ៉ា លី ឃុនថៃ បានថ្លែងថា សព្វថ្ងៃនៅខាងសមាគមផលិតផលស្បែកជើងកម្ពុជានៅតែនៅតែមានសមាជិកជាច្រើននៅតែត្រូវការបុគ្គលិកចូលធ្វើការក្នុងរោងចក្រ ដោយរោងចក្រទាំងអស់ត្រូវការបុគ្គលិក កម្មករកម្មការនីជាច្រើនយ៉ាងតិចរាប់ម៉ឺននាក់។

ក្នុងនាមប្រធានសមាគមផលិតផលធ្វើដំណើរ ស្បែកជើង អ្នកឧកញ៉ា បានអំពាវនាវដល់បងប្អូនពលករមកពីប្រទេសថៃវិញ ឬអ្នកមិនទាន់ត្រឡប់មកវិញអាចត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសារប្រទេសមានការរីកចម្រើន មានសន្តិភាព មានការដឹកនាំដ៏ល្អ ឈ្លាសវៃ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រទេសកម្ពុជាសម្បូរការងារ។

អ្នកឧកញ៉ាបញ្ជាក់ថា ដោយវិលត្រឡប់មកវិញ យើងអាចទៅទំនាក់ទំនងនៅសមាគម ក៏ដូចជាក្រសួងការងារ ដោយក្រសួងដូចជាឪពុកម្តាយរបស់រោងចក្រ ដូច្នេះក្រសួងការងារមានក្រុមការងារធ្វើការស្ទើរតែ២៤ម៉ោង ដើម្បីជួយសម្របសម្រួលផ្គូផ្គងការងារទៅដល់បងប្អូនដែលត្រឡប់មកពីប្រទេសថៃវិញ ហើយរោងចក្រក៏បានដាក់សំណើរទៅខាងក្រសួងការងារ ជួយសម្រួលការងារតាមផ្នែកទោះបីជាមិនចេះឬចេះក៏ដោយ ម្យ៉ាងក៏បានជួបជាមួយក្រុមគ្រួសារនៅស្រុកកំណើតដែរ ខណៈអ្នកឧកញ៉ាជឿជាក់ថាប្រាក់ខែនៅប្រទេសខ្មែរក៏មិនចាញ់នៅប្រទេសថៃដែរ។

ក្នុងរយៈពេល ២ខែកន្លងមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្វែងរកឱកាសការងារជូនបងប្អូនអតីតពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃវិញ រាប់សែនកន្លែង។ ក្នុងនោះ មានអតីតពលករប្រមាណ ២១ម៉ឺននាក់ បានទទួលការងារធ្វើនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ដែលស្ថិតនៅក្នុងប្រព័ន្ធ។

សូមជម្រាបជូនថា ការឱ្យដឹងរបស់អ្នកឧកញ៉ា លី ឃុនថៃ ក្នុងឱកាសចុះសួរសុខទុក្ខ ពលករមកពីថៃជាង ៥០០នាក់ ដែលទទួលបានការងារធ្វើ ក្នុងរោងចក្រផលិតស្បែកជើង ចំនួន ៣ទីតាំងក្នុងខេត្តកណ្តាល១ទីតាំង និងខេត្តកំពង់ស្ពឺ២ទីតាំង៕