កម្ពុជា-ថៃ ឯកភាពទទួលស្គាល់គណៈកម្មាធិការចំរុះព្រំដែន (JBC) ជាយន្ដការក្នុងការអនុវត្ដការងារវាស់វែង និងខណ្ឌសីមាព្រំដែន

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង កម្ពុជានិងថៃ បានឯកភាពទទួលស្គាល់គណៈកម្មាធិការចំរុះព្រំដែន (JBC) ជាយន្ដការក្នុងការអនុវត្ដការងារវាស់វែង និងខណ្ឌសីមាព្រំដែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំពិសេស GBC ឯកឧត្តម ទៀ សីហា បានលើកឡើងថា ក្នុងការគ្រប់គ្រងព្រំដែន ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) គឺជាយន្តការ ក្នុងការអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពគ្នាដោះស្រាយបាតុភាពនៅតាមបណ្ដោយព្រំដែនដោយសន្តិវិធី សំដៅលើកកម្ពស់ភាពសុខដុមរវាងប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កិច្ចប្រជុំនេះ បង្ហាញពីលទ្ធផលវិជ្ជមានមួយកម្រិតទៀត ពីលើការបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ ចំនួន ៤ លើក ដែលបានប្រព្រឹត្តទៅកាលពីខែមុន រវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពភូមិន្ទថៃ។

ជាមួយគ្នានោះ ភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើភាពចាំបាច់បន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធា។ ដើម្បីសម្រេចគោលបំណងខាងលើ ក្រុមការងារទាំងពីរនឹងជួបគ្នាក្នុង រយៈពេល៣សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំនេះ ដើម្បីចាប់ផ្ដើមពិភាក្សាផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្តែង និងជាជំហានៗ ដោយការអនុវត្តផែនការនេះនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឯកភាពគ្នាជាគោលការណ៍ទៅលើ លក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយរង់ចាំការអនុម័ត ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

សូមជម្រាបជូនថា កិច្ចប្រជុំ GBC ធ្វើឡើងដើម្បីពិនិត្យតាមដានលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និង ដើម្បីដាក់ចេញនូវជំហានជាក់ស្តែងនានាដែលចាំបាច់ សំដៅអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព៕