នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក Anutin Charnvirakul បានបង្ហាញឲ្យដឹងថា លោកកាន់កាប់ទ្រព្យសម្បត្តិដែលមានតម្លៃសរុបប្រមាណជាង ១២៤លានដុល្លារ រួមទាំងយន្តហោះឯកជនចំនួន ៣ គ្រឿង និងអចលនទ្រព្យមានតម្លៃផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

គណៈកម្មាធិការប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅ បានចេញផ្សាយឯកសារប្រកាសពីទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រីថ្មី លោក Anutin ដែលជាកាតព្វកិច្ច សម្រាប់មន្ត្រីរដ្ឋាភិបាលគ្រប់រូប។
យ៉ាងណាមិញ ក្នុងចំណោមទ្រព្យសម្បត្តិដែលត្រូវបានចុះបញ្ជីចំនួន ១២៤លានដុល្លារ លោក Anutin បាននិយាយថា លោកមានយន្តហោះឯកជនចំនួន ៣ គ្រឿង ទូកល្បឿនលឿនចំនួនពីរគ្រឿង និងទ្រព្យសម្បត្តិប្រណីតមួយ នៅទីក្រុងបាងកក។ បន្ថែមពីនេះ លោកក៏មានបញ្ជីសាច់ប្រាក់ និងប្រាក់បញ្ញើប្រហែល ៣៤លានដុល្លារ ផ្សេងទៀត នៅក្នុងធនាគារជាង ២០ ផងដែរ។
ទន្ទឹមនឹងនេះទ្រព្យសម្បត្តិផ្សេងទៀតដែលលោក Anutin ប្រកាសក្នុងឯកសារនោះ រួមមាន កម្មសិទ្ធិដីធ្លីមួយចំនួន រថយន្តទំនើប ៤ គ្រឿង នាឡិកាដៃប្រណីត ២២ គ្រឿង និងវត្ថុមានតម្លៃជាច្រើនផ្សេងទៀត។
ជម្រាបជូនថា លោក Anutin ត្រូវបានសភាថៃបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣២ របស់ប្រទេស កាលពីថ្ងៃទី៥ ខែកញ្ញា។ បន្ថែមពីលើតំណែងជាប្រមុខរដ្ឋាភិបាល លោក Anutin ក៏នឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ៕

