កម្ពុជាបានលើកទឹកចិត្តបារាំងឱ្យវិនិយោគបន្ថែមលើវិស័យអាទិភាពនៅកម្ពុជា រួមមានដូចជា ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព កសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសេដ្ឋកិច្ចឌីជីថល។

នេះបើតាមខ្លឹមសារផ្តល់ជូនអ្នកសារព័ត៌មានដោយអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីជំនួបសម្តែងការគួរសមរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Oliver RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចុះហត្ថលេខា និងការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្ថាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (BBNJ) និងការគាំទ្រ សន្ធិសញ្ញា « Nice Wake-Up Call for an Ambitious Plastics Treaty» ។

ភាគីទាំងពីរក៏បានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពសម្រេចបានក្នុងការរៀបចំផែនទីបង្ហាញផ្លូវដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រ និងបានឯកភាពរៀបចំសម័យប្រជុំលើកទី ៣ នៃកិច្ចពិគ្រោះយោបល់ នយោបាយទ្វេភាគីកម្ពុជា-បារាំង ចុងឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ចំពោះសហប្រតិបត្តិការសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់បារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់គណៈប្រតិភូធុរជនបារាំង MEDEF International និងបានកោតសរសើរចំពោះតួនាទីយ៉ាង សកម្មរបស់ MEDEF ក្នុងការចូលរួមជាមួយសហគ្រាសបារាំងនៅកម្ពុជា និងលើកទឹកចិត្តឱ្យមានការវិនិយោគ បន្ថែមនៅវិស័យអាទិភាពដូចជា ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព កសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសេដ្ឋកិច្ចឌីជីថល។
លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យរួមមាន វប្បធម៌ និងបេតិកភណ្ឌ សុខាភិបាល ការពារជាតិ និងសហប្រតិបត្តិការបរិស្ថាន និងអាកាសធាតុផងដែរ៕

