ទំនិញរបស់សហរដ្ឋអាមេរិក ចាប់ផ្តើមជន់ជោរខ្លាំងទៅក្នុងទីផ្សាររបស់វៀតណាម

អន្តរជាតិ

ការនាំចូលទំនិញរបស់វៀតណាម ពីសហរដ្ឋអាមេរិក បានកើនឡើង ២៣% ដល់ចំនួន ១០,៥ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៥ នេះ ដោយក្នុងនោះគេមើលឃើញថាផលិតផលកសិកម្មហាក់មានកើនឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការកើនឡើងដ៏ខ្លាំងនេះ​ បានកើតឡើង បន្ទាប់រដ្ឋាភិបាលវៀតណាម កាលពីពេលថ្មីៗនេះ​ បានជំរុញឲ្យធុរកិច្ចក្នុងស្រុក ទិញផលិតផលអាមេរិកបន្ថែមទៀត ដើម្បីធានាតុល្យភាពពាណិជ្ជកម្ម និងកាត់បន្ថយសម្ពាធពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

យ៉ាងណាមិញ​ ក្នុងចំណោមនោះ​ កប្បាសឈរនៅលំដាប់កំពូលគេក្នុងបញ្ជី ជាមួយនឹងការនាំចូលមកកាន់ទីផ្សារវៀតណាម ជិត ៩៤០លានដុល្លារ ពោលគឺបានកើនឡើង ៥៦% ក្នុងពេល ៧ខែដំបូងនៃឆ្នាំនេះ។ ការនាំចូលប្លាស្ទិកមិនទាន់កែច្នៃ ក៏បានកើនឡើងជិត ៤៩% ផងដែរ ដល់ចំនួន ៦៥៦លានដុល្លារ។

ទន្ទឹមនឹងនេះ ការនាំចូលសំណល់ដែក បានកើនឡើងទ្វេដង ដល់ចំនួន ១២៥លានដុល្លារ ចំពេលការនាំចូលបន្លែ និងផ្លែឈើវិញ បានកើនឡើង ៤៧% ដល់ ៣៥៣លានដុល្លារ។ ការនាំចូលចំណីសត្វ ក៏បានកើនឡើង ២៧% ផងដែរ ដល់ចំនួន ៤៤៧លានដុល្លារ។ ការនាំចូលសណ្តែកសៀង បានកើនឡើង ៨% ដល់ចំនួន ២៤៨លានដុល្លារ។

ជម្រាបជូនផងដែរថា​ កាលពីខែកក្កដា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានទម្លាក់ពន្ធទៅវិញទៅមកសម្រាប់ប្រទេសវៀតណាមពី ៤៦% មកនៅ ២០% ខណៈដែលរដ្ឋាភិបាលទីក្រុងហាណូយ បានកាត់បន្ថយពន្ធលើផលិតផលជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងអាហារសមុទ្រ និងកសិកម្មមកត្រឹម ០% ចាប់ពីដើមខែសីហា៕​