យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា សហស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Microsoft លោក Bill Gates ដែលបានគ្រងតំណែងជាមហសេដ្ឋីមានបំផុតរបស់អាមេរិកអស់ពេលជិត ២៥ឆ្នាំនោះ ថ្មីៗនេះ បានធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ១៤ វិញ។

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា បច្ចុប្បន្ននេះ លោក Bill Gates ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១០៧ពាន់លានដុល្លារ កំពុងស្ថិតនៅចំណាត់ថ្នាក់ពីក្រោយសហស្ថាបនិក Bloomberg LP លោក Mike Bloomberg និងឈរលើចំណាត់ថ្នាក់របស់ទាយាទស្នងមរតកក្រុមហ៊ុន Walmart លោកស្រី Alice Walton ដែលជាស្ត្រីមានដាច់គេបំផុតលើពិភពលោក។
គួរឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ ១៩៩១មក លោក Bill Gates ជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជាប់លាប់ជានិច្ច ក្នុងបញ្ជី Forbes 400 អស់រយៈពេលជិត ៣ ទសវត្ស មុនពេលធ្លាក់ក្រោមតំណែងកំពូល Top2 ក្នុងឆ្នាំ២០២១។ ហើយឥឡូវនេះ វាជាលើកដំបូងហើយ ក្នុងរយៈពេល ៣៤ឆ្នាំចុងក្រោយ ដែលលោ Bill Gates ធ្លាក់ចេញពីបញ្ជីកំពូលទាំង១០ នោះ។
ជម្រាបជូនថា ការថយចុះយ៉ាងច្រើននៃទ្រព្យសម្បត្តិរបស់លោក Bill Gates នេះ បានកើតឡើងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ដោយលោកបានធ្លាក់មកនៅចំណាត់ថ្នាក់លេខ៤ ក្នុងឆ្នាំ២០០១ នៅពេលដែលលោក និងលោកស្រី Melinda French Gates បានប្រកាសចែកផ្លូវគ្នា បន្ទាប់ពីរៀបការបាន ២៧ឆ្នាំ។
លុះក្រោយមក នៅឆ្នាំ២០២៤ លោកបានបន្តធ្លាក់ចុះចំណាតក់ថ្នាក់បន្ថែមទៀតទៅកាន់លេខ៩ បន្ទាប់ពីលោកបានចាប់ផ្តើមធ្វើការបរិច្ចាគទឹកប្រាក់ដ៏ច្រើន ទៅកាន់អង្គការសប្បុរសរបស់ខ្លួន ៕

