សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកវិនិយោគចិនជនជាតិមីននៅកម្ពុជា រៀបចំសន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគចិន-កម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់

សមាគមឧកញ៉ាកម្ពុជា

ហ៊្វូជៀន៖ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ សមាគមឧកញ៉ាកម្ពុជា និង សមាគមអ្នកវិនិយោគចិនជនជាតិមីននៅកម្ពុជា បានសហការរៀបចំ «សន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគចិន-កម្ពុជា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្ដម Wiao Kui អភិបាលរងខេត្តហ៊្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានអនុគណៈកម្មការទំនាក់ទំនងនិងធុរកិច្ច ព្រមទាំងការចូលរួមពីធុរជនចិនមកពីចម្រុះវិស័យជាច្រើននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សន្និសីទនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងសកម្មភាពពាណិជ្ជកម្មចិន-កម្ពុជា ឱ្យកាន់តែឈានខ្ពស់មួយកម្រិតថែមទៀត។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម Wiao Kui អភិបាលរងខេត្តហ៊្វូជៀន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រតិភូកម្ពុជាមកបំពេញទស្សនកិច្ចជំរុញនិងទាក់ទាញវិនិយោគនៅទីក្រុងសៀមិន។ ឯកឧត្ដមអភិបាលរងបានមានប្រសាសន៍រំលេចថា សន្និសីទនាថ្ងៃនេះ គឺជាវេទិកាដ៏មានសារៈសំខាន់មួយដែលផ្ដល់ឱកាសដល់ធុរជនបានកសាងទំនាក់ទំនងជាមួយគ្នា និងបានលើកទឹកចិត្តដល់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរទាញយកឱកាសនេះក្នុងការផ្គូផ្គងធុរកិច្ចទៅវិញទៅមកសម្រាប់កិច្ចសហការធុរកិច្ចនាពេលខាងមុខ។

ថ្លែងក្នុងឱកាសដ៏ពិសេសនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ចែករំលែកអំពីអំពីកត្តាទាក់ទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ដែលរួមមាន (១) សន្តិភាព និងស្ថិរភាពនយោបាយ (២) ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច (៣) ច្បាប់ស្ដីពីវិនិយោគដែលមានការលើកទឹកចិត្ត និងបើកចំហទូលំទូលាយ (៤) រាជរដ្ឋាភិបាលមានការគាំទ្រ និងជួយសម្របសម្រួលដល់វិស័យឯកជន (៥) ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានការអភិវឌ្ឍ និងការតភ្ជាប់កាន់តែល្អប្រសើរ (៦) ប្រជាជនវ័យក្មេងប្រកបដោយថាមពល (៧) ទីតាំងភូមិសាស្ត្រអំណោយផលស្ថិតនៅចំកណ្ដាលនៃមហាអនុតំបន់ទន្លេមេគង្គ មានប្រជាជនចំនួន ២៥០លាននាក់, តំបន់អាស៊ាន មានប្រជាជន ៦៧១លាននាក់, និងក្នុងក្របខណ្ឌ RCEP មានប្រជាជន ២.៣ពាន់លាននាក់ ព្រមទាំងកត្តាបន្ទាប់បន្សំផ្សេងៗទៀត។

ជាកិច្ចបន្ទាប់ អ្នកញ៉ា គួន ធីតា បានឡើងថ្លែងចំណាប់អារម្មណ៍ចែករំលែកជូនភាគីចិនអំពីសាវតា បេសកកម្ម និងតួនាទីស្នូលរបស់សមាគម ដោយបានរំលេចជូនប្រតិភូធុរជនចិនថា សមាគមឧកញ៉ាកម្ពុជា ជាបណ្ដុំធុរជន និងវិនិយោគិនមកពីចម្រុះវិស័យ ដែលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។