ចិន ចាប់ផ្តើមងាកទៅនាំចូលផលិតផលកសិកម្មប្រេស៊ីលកាន់តែច្រើន ជំនួសទំនិញអាមេរិក

អន្តរជាតិ

នៅមួយរយៈពេលចុងក្រោយនេះ តម្រូវការរបស់ចិន សម្រាប់ទំនិញកសិកម្មដូចជាសណ្តែងសៀង និងស្ពៅ​ (Sorghum) របស់អាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំង ខណៈពេលដែលក្រុមហ៊ុននាំចូលរបស់ចិន បានងាកទៅរកប្រទេសប្រេស៊ីលជំនួសវិញ ដែលជាប្រភពផ្គត់ផ្គង់ថ្មីរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងកសិកម្មរបស់ប្រទេសប្រេស៊ីល បាននិយាយថា រដ្ឋបាលទូទៅនៃគយរបស់ប្រទេសចិន បានជូនដំណឹងដល់ប្រេស៊ីលថា ទំនិញស្ពៅ របស់ខ្លួន ត្រូវបានទទួលស្គាល់ជាផ្លូវការ និងមានសិទិ្ធគ្រប់គ្រាន់ សម្រាប់ការនាំចេញ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិន ទៅកាន់ទីតាំងផលិតស្ពៅ ប្រេស៊ីល កាលពីដើមខែសីហាកន្លងទៅ។

ទន្ទឹមនឹងនេះ ​យោងតាមទីភ្នាក់ងារកសិកម្មជាតិ Conad បានបង្ហាញឲ្យដឹងថា ផលិតកម្មស្ពៅ របស់ប្រទេសប្រេស៊ីល បានកើនឡើងទ្វេដង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដល់ ៤,៤ លានតោន ក្នុងឆ្នាំដាំដុះ ២០២៣-២០២៤។ តែទោះជាយ៉ាងណាក៏ដោយ ការនាំចេញមានចំនួនតិចតួចជាង ១% នៃទីផ្សារអន្តរជាតិ។ អ្នកផលិតដំណាំនេះ បង្ហាញក្តីសង្ឃឹមខ្ពស់ថា ចំណាប់អារម្មណ៍របស់ប្រទេសចិន នឹងបើកឱកាសសម្រាប់កំណើន នាពេលខាងមុខ។

នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បើកទ្វាររបស់ខ្លួនចំពោះដំណាំស្ពៅ ឬ sorghum ប្រេស៊ីលនេះ ការនាំចូលពីអ្នកផ្គត់ផ្គង់ប្រពៃណីរបស់ខ្លួន គឺសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលថ្មីៗនេះ។ យោងតាមទិន្នន័យពីការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក បានបង្ហាញថាការនាំចេញស្ពៅទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ មានចំនួនប្រមាណ ៨២ ៣០០ តោន ពោលគឺធ្លាក់ចុះ ៩៧% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

មិនត្រឹមតែស្ពៅប៉ុណ្ណោះទេ សណ្តែកសៀងប្រេស៊ីលក៏កំពុងក្លាយជាជម្រើសរបស់ចិនសម្រាប់ជំនួសទំនិញអាមេរិកផងដែរ។ សហរដ្ឋអាមេរិកផ្គត់ផ្គង់ផលិតផលកសិកម្មភាគច្រើនក្នុងអំឡុងខែកញ្ញាដល់ខែមករាជារៀងរាល់ឆ្នាំ មុនពេលការប្រមូលផលរបស់ប្រទេសប្រេស៊ីលកើតឡើង។

ជម្រាបជូនថា កាលពីឆ្នាំមុន ក្រុមហ៊ុនចិនបានបញ្ជាទិញសណ្តែកសៀងអាមេរិកចន្លោះពី ១២ លានទៅ ១៣ លានតោន សម្រាប់ការដឹកជញ្ជូនពីខែកញ្ញាដល់ខែវិច្ឆិកា។ ប៉ុន្តែ​នៅឆ្នាំនេះ​ ចិន​មិន​ទាន់​មាន​ការ​បញ្ជា​ទិញ​ពី​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទេ ផ្ទុះទៅវិញទីក្រុងប៉េកាំង បានងាកទៅកក់សណ្តែកសៀងប្រហែល ៧,៤ លានតោន ដែលភាគច្រើនមកពីប្រទេសអាមេរិកខាងត្បូងសម្រាប់ខែតុលា ជំនួសវិញ៕​