នាយកដ្ឋានកែតម្រូវរបស់ប្រទេសថៃ កំពុងពិចារណាតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាគ្រូបង្រៀនភាសាដល់អ្នកទោសផ្សេងទៀត នៅក្នុងពន្ធនាគារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

លោក Shane Kanjanapach អគ្គនាយករង និងជាអ្នកនាំពាក្យនៃនាយកដ្ឋានកែតម្រូវថៃ កាលពីថ្ងៃទី១១ ខែកញ្ញា បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពរបស់លោក ថាក់ស៊ីន នៅក្នុងពន្ធនាគារ ដោយនិយាយថាអតីតមេដឹកនាំថៃរូបនេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ៥ថ្ងៃសិន។
បន្ទាប់ពីរយៈពេលនេះ នាយករដ្ឋាន គ្រោងនឹងចាត់តាំងអ្នកទោសឲ្យបំពេញភារកិច្ច ដោយផ្នែកលើសមត្ថភាព និងផលប្រយោជន៍ផ្ទាល់ខ្លួន។ ហើយសម្រាប់លោក ថាក់ស៊ីន អាចនឹងត្រូវចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនភាសា រួមចំណែកក្នុងសកម្មភាពក្នុងពន្ធនាគារ និងគាំទ្រដល់អ្នកទោសផ្សេងទៀត ក្នុងការស្តានីតិសម្បទារបស់ពួកគេ។
ជម្រាបជូនផងដែរថា តុលាការកំពូលរបស់ប្រទេសថៃ ក្នុងសប្តាហ៍នេះ បានរកឃើញថាលោក ថាក់ស៊ីន មិនបានអនុវត្តការកាត់ទោសជាប់ពន្ធនាគាររបស់គាត់ឱ្យបានត្រឹមត្រូវក្នុងឆ្នាំ២០២៣ នោះឡើយ។ ដូច្នេះហើយបានបញ្ជាឱ្យអតីតនាយករដ្ឋមន្ត្រីជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ដើម្បីបំពេញទោសនោះ។ លោក ថាក់ស៊ីន កំពុងជាប់ទោសនៅពន្ធនាគារ Klong Prem ក្នុងទីក្រុងបាងកក ដែលជាពន្ធនាគារដ៏តឹងរ៉ឹងបំផុតមួយរបស់ប្រទេសថៃ៕

