អភិបាលខេត្ដកណ្ដាល អំពាវនាវប្រជាពលរដ្ឋកុំទាន់សម្រុកទៅលេងកម្សាន្ដនៅព្រលានយន្ដហោះអន្ដរជាតិតេជោ

សង្គម​ និង​សេដ្ឋកិច្ច

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ដកណ្ដាល បានអំពាវនាវប្រជាពលរដ្ឋកុំទាន់សម្រុកទៅលេងកម្សាន្ដនៅអាកាសយានដ្ឋានអន្ដរជាតិតេជោច្រើនពេក ខណៈដែលប្រជាពលរដ្ឋជាច្រើនពាន់នាក់បានសម្រុកទៅលេងកម្សាន្ដបណ្ដាលឱ្យកកស្ទះពេញផ្លូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារដែលបានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោក គួច ចំរើន បានឱ្យដឹងថា «គិតត្រឹមម៉ោង១២:០០នាទីថ្ងៃនេះ មានអ្នកមកលេងកម្សាន្ដក្នុងអាកាសយានដ្ឋានអន្ដរជាតិតេជោ ណែនណាន់តាន់តាប់ហើយ អ្នកចង់មកទៀត គួរចាំពេលក្រោយ»។

លោកអភិបាលខេត្ដបានបញ្ជាក់ថា ខណៈពេលនេះ ចំណតឡានក៏ពេញ ផ្លូវថ្នល់ក៏ពេញ ស្ទះពេញផ្លូវ។ ទន្ទឹមនឹងនោះ លោក គួច ចំរើនក៏បានសង្កត់ធ្ងន់ប្រាប់ប្រជាពលរដ្ឋផងដែរថា ការអញ្ជើញមកកម្សាន្ដ ខណៈពេលដែលចរាចរណ៍កំពុងកកស្ទះបែបនេះ នឹងធ្វើឱ្យដំណើរកម្សាន្ដមិនសប្បាយនោះទេ។

សូមបញ្ជាក់ថា ក្រោយពេលដែលអាកាសយានដ្ឋានអន្ដរជាតិតេជោ បានប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គឺចំនួនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋ គឺសម្រុកអញ្ជើញទៅទស្សនា និងលេងកម្សាន្ដច្រើនមែនទែន ដែលបណ្ដាលឱ្យមានកកស្ទះចរាចរណ៍ខ្លាំង នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ និងខាងមុខផ្លូវចូលព្រលានយន្ដហោះថ្មីនេះ។

សូមជម្រាបជូនផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើឱ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។ ជាមួយគ្នានេះ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ីផងដែរ៕