ក្រុមហ៊ុន Tropicam នាំយកផលិតផលខ្មែរដ៏មានសក្តានុពល ៤មុខ ទៅតាំងបង្ហាញក្នុងកម្មវិធី Village International De La Gastronomie លើកទី៨ នៅប្រទេសបារាំង

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Tropicam បាននាំយកផលិតផលខ្មែរដ៏មានសក្តានុពលចំនួន ៤មុខ រួមមាន គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយកែវរមៀត ស្ករត្នោត និងម្រេច ទៅតាំងបង្ហាញក្នុងកម្មវិធី Village International De La Gastronomie លើកទី៨ កាលថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី Village International De La Gastronomie ជាកម្មវិធីដែលបានរៀបចំជាយូរឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១៦ ដែលមានលោក Emmanuel Macron អតីតប្រធានាធិបតីរបស់ប្រទេសបារាំង ជាអ្នករៀបចំកម្មវិធី។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ អំឡុងពេលខែកញ្ញា នៅទីក្រុងប៉ារីស។

តាមការបញ្ជាក់ពីក្រុមហ៊ុន Tropicam បានឱ្យដឹងថា ក្រុមហ៊ុនបាននាំយកផលិតរបស់ខ្មែរដែលមានសក្តានុពលចំនួន ៤មុខ ទៅតាំងបង្ហាញ និងការដាក់លក់ផងដែរក្នុងកម្មវិធី Village International De La Gastronomie ឆ្នាំ២០២៥នេះ ក្នុងនោះរួមមាន៖ គ្រាប់ស្វាយចន្ទី (មាន៤រស់ជាតិ), ដំណាប់ស្វាយកែវរមៀត ស្ករត្នោត (ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង) និងម្រេច នៅខេត្តកំពត។ ចំពោះថវិកាដែលក្រុមហ៊ុនលក់បានក្នុងកម្មវិធីនេះ រួមទាំងថវិកាពីស្ថានទូតកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង នឹងនាំយកទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។

ក្រុមហ៊ុន Tropicam បានគូសបញ្ជាក់បន្ថែមថា គោលបំណងសំខាន់ដែលកម្ពុជាយើងទៅចូលរួមកម្មវិធី Village International De La Gastronomie នៅទីក្រុងប៉ារីស គឺ៖ ១.ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរដែលមានសក្តានុពល ដែលយើងបានធ្វើយ៉ាងសម្រិតសម្រាំងទាំងគុណភាព អនាម័យ និងសុវត្ថិភាព, ២.ការតាំងបង្ហាញលក់ផលិតផល ហើយបានប្រាក់ទាំងប៉ុន្មាន ដើម្បីបរិច្ចាគជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

សូមជម្រាបថា កម្មវិធី Village International De La Gastronomie លើកទី៨ ឆ្នាំ២០២៥នេះ មានការអញ្ជើញជាង ១៧០ប្រទេស ដើម្បីចាត់តាំងអ្នកតំណាងទៅចូលរួមតាំងបង្ហាញ ក៏ដូចជាការទស្សនានូវម្ហូបអាហារ វប្បធម៌ និងផលិតផលសក្តានុពលរបស់ប្រទេសនានា ព្រមទាំងការអញ្ជើញស្ថានទូតចំនួន ៤៤ ប្រចាំប្រទេសបារាំង ចូលរួមដឹកនាំការតាំងបង្ហាញផងដែរ។ ប្រទេសនីមួយៗ បានតាំងបង្ហាញអំពីវប្បធម៌ ទំនៀមទម្លាប់ ទេសចរណ៍ ម្ហូបអាហារ និងផលិតផលដែលមានសក្តានុពល។ កម្មវិធីនេះ មានចំនួនភ្ញៀវចូលរួមចំនួនជាង ៥០,០០០នាក់ ក្នុងរយៈពេល ៤ថ្ងៃ៕