ថៃ បង្កកគណនីធនាគារ ៣ លានគណនី ក្នុងការបង្ក្រាបការឆបោកទ្រង់ទ្រាយធំ

អន្តរជាតិ

ថ្មីៗនេះ ធនាគារកណ្តាលរបស់ប្រទេសថៃ បានសម្រេចបង្កកគណនីធនាគារប្រមាណ ៣ លានគណនីដែលត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការឆបោក រួមទាំងបានដាក់កម្រិតក្នុងការផ្ទេរប្រាក់ប្រចាំថ្ងៃយ៉ាងតឹងរ៉ឹងបំផុត ចន្លោះពី ៥ម៉ឺន ទៅ២០ម៉ឺនបាត សម្រាប់គ្រប់អតិថិជនទាំងអស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Webpro News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញវិធានការណ៍នេះ ត្រូវបានប្រកាសឡើងចំពេលមានកើនឡើងយ៉ាងខ្លាំងនៃការបោកប្រាស់តាមប្រព័ន្ធអ៊ីនធើណិត ដែលបានមើលឃើញទឹកប្រាក់សរុបចំនួនប្រមាណ ៦ពាន់លានបាត ត្រូវបានដកចេញពីគណនីជនរងគ្រោះ ក្នុងឆ្នាំកន្លងទៅ។

យ៉ាងណាមិញ បើតាមមន្ត្រីធនាគារកណ្តាល បានលើកឡើងពីការកើនឡើងយ៉ាងខ្លាំង នៅក្នុងការផ្ទេរសាច់ប្រាក់ចេញពីគណនីចម្បង ដែលជាទម្រង់មិនប្រក្រតី ឬទើបបើកថ្មី ដែលត្រូវបានគេងប្រវ័ញ្ចដោយអ្នកបោកប្រាស់ ដើម្បីលាងលុយកខ្វក់ ជាដើម។

ការបង្រ្កាបនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញមួយវិស័យហិរញ្ញវត្ថុរបស់ប្រទេសថៃ ដែលប៉ះពាល់ដល់មិនត្រឹមតែអ្នកលួចបន្លំប៉ុណ្ណោះទេ ថែមទាំងមានម្ចាស់គណនីស្របច្បាប់ដែលត្រូវបានជាប់ពាក់ព័ន្ធផងដែរ។ អាជីវកម្ម និងបុគ្គលជាច្រើន បានរាយការណ៍ពីការបង្កកគណនីភ្លាមៗ ដែលធ្វើឲ្យរំខានដល់ប្រតិបត្តិការប្រចាំថ្ងៃ និងជំរុញឲ្យមានការប្រញាប់ប្រញាល់ទៅរកវិធីទូទាត់ផ្សេងជំនួស។

ទន្ទឹមនឹងនេះ​ យោងតាមរបាយការណ៍ពី Thai Enquirer បានរាយការណ៍ឲ្យដឹងទៀតថា យុទ្ធសាស្រ្តរបស់ធនាគារកណ្តាលថៃ ក្នុងការបង្ក្រាបនេះ រួមមានការដាក់ដែនកំណត់សម្រាប់ការផ្ទេរប្រាក់ លើក្រុមដែលងាយរងគ្រោះដូចជាមនុស្សចាស់ និងអនីតិជន ដែលអាចផ្ទេរបានត្រឹម ៥០ ០០០បាតក្នុងមួយថ្ងៃ ខណៈពេលដែលអ្នកប្រើប្រាស់ស្តង់ដារត្រូវបានកំណត់ត្រឹម ២០០ ០០០បាត ក្នុងមួយថ្ងៃ៕​