ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានតម្លើងពី ២០៨ដុល្លារ ដល់ ២១០ដុល្លារ សម្រាប់បងប្អូនកម្មករ-កម្មការិនី ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។

យោងតាមហ្វេសប៊ុក របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រៅប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ សម្រាប់បងប្អូនកម្មករ-កម្មការិនី ទទួលបាន២១០ដុល្លារ ហើយនោះ បងប្អូនកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបក៏នឹងទទួលអត្ថប្រយោជន៍ផ្សេងៗផងដែរ រួមមាន៖-ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារ
-ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារ និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី ២-១១ដុល្លារ(អតីតភាពការងារ លើសពី១ឆ្នាំ)។

សូមជម្រាបដែរថា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ដដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្ដិទី៤ លើកទី៤ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីបណ្តាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលក្នុងនោះមានរាជរដ្ឋាភិបាល ភាគីនិយោជក និងសហជីបជាដើម ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕ អត្ថបទ៖ហ្សាលីន

