ឧកញ៉ា ឡាយ ឈុនហួ ចូលរួមកម្មវិធីចុះកិច្ចសន្យាកសិកម្ម រវាងសហគមន៍កសិកម្មចំនួន ៣២ ក្នុងខេត្តព្រះវិហារ ជាមួយក្រុមហ៊ុន AMRU Rice និង CACC ក្នុងការទិញលក់ស្រូវ និងដំឡូងមី

ជុំវិញ​ឧកញ៉ា

នាថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធសហស្រូវអង្ករកម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីចុះហត្ថលេខានៃកិច្ចសន្យាកសិកម្ម រវាងក្រុមហ៊ុនឯកជនចំនួន ០២ រួមមានក្រុមហ៊ុនអេមរុរ៉ាយស៍ (AMRU Rice) និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា លើការបញ្ជាទិញនូវកសិផលចំនួន ២ មុខ រួមមាន ស្រូវសរីរាង្គ និងដំឡូងមីសរីរាង្គ លេីបរិមាណសរុប ៧៣ ៨០០តោន ពីកសិករមកពីសហគមន៍កសិកម្មចំនួន ៣២ នៅក្នុងខេត្តព្រះវិហារ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធសហស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការចុះកិច្ចព្រមព្រៀងទិញ-លក់ស្រូវ និងដំឡូងមីសរីរាង្គនេះ បានធ្វេីឡេីងតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលរៀបចំឡេីងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំភោជនីយដ្ឋាន លី ហួត ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក អ៊ុក គឹមសាន្ដ អភិបាលរងខត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីក្រុមហ៊ុនបញ្ជាទិញ មន្ទីរជំនាញពាក់ព័ន្ធ អង្គការដៃគូ ថ្នាក់ដឹកនាំ និងតំណាងសហគមន៍កសិកម្មទាំង ៣២ ផងដែរ។

នៅក្នុងកម្មវិធីនេះដែរ ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកអំពីការសម្រេចបាននូវការនាំចេញអង្ករបានចំនួន ៤៧២ ៨០៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៣៤៨,១៨ លានដុល្លារអាម៉េរិក ដែលមានកំណើនជិត ២០% និងការនាំចេញស្រូវបានចំនួន ៤ ៨៤៨ ៨៣៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណជា ១ ១១៤,២៥ លានដុល្លាអាម៉េរិក ដែលមានកំណើនប្រមាណជា ៥៤% ដែលជារួម ការនាំចេញនេះបាននាំយកមកនូវចំណូលចូលក្នុងសេដ្ឋកិច្ចជិត ១ ៤០០ លានដុល្លារអាម៉េរិក ដែលកំណើនទាំងអស់នេះ គឺកើតចេញពីកិច្ចខំប្រឹងប្រែងរបស់គ្រប់ភាគី និងតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស បងៗ ដែលជាប្រជាកសិករ។ 

ជាមួយគ្នានេះផងដែរ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងអំពីផែនការសម្រាប់អាណត្តិទី៥ ដោយបានកំណត់យកនូវការពង្រឹង និងពង្រីកខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់ ការជំរុញការដាំដុះ និងការធ្វើសមាហរណកម្មដាំដុះទៅនឹងនិន្នាការថ្មី និងការធ្វើពិពិធកម្មផលិតកម្មកែច្នៃ និងទីផ្សារ ជាគោលនយោបាយផងដែរ៕