ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាអគ្គនាយកបុរី វិមានសំណាង បានលើកឡើងថា បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ បើកឱ្យប្រតិបត្តិការជើងហោះហើរ កាលពីដើមខែកញ្ញានេះមក តម្លៃអចលនទ្រព្យនៅជិតនោះ នឹងបន្តឡើងមួយកម្រិតទៀត ដោយសារសកម្មភាពអាជីវកម្មកើនឡើង ពិសេសតំបន់ផ្លូវធំៗដែលឆ្ពោះទៅកាន់ព្រលានយន្តហោះថ្មីនេះ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាអគ្គនាយកបុរី វិមានសំណាង បានថ្លែងក្នុងកម្មវិធីកិច្ចសម្ភាសន៍ពីសេដ្ឋកិច្ចរបស់ BTV កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ថា មែនទែនទៅ តម្លៃដីធ្លីបានឡើងពីមុនរួចមកហើយ តាំងពីពេលប្រកាសថានឹងមានព្រលានយន្តហោះ រយៈពេលបួនប្រាំឆ្នាំមុន ហើយបានបន្តឡើងនៅឆ្នាំជាបន្តបន្ទាប់។ រីឯពីបច្ចុប្បន្នតទៅ តម្លៃដីធ្លីនៅតំបន់ជិតព្រលាន នឹងបន្តឡើងទៀត ដោយកត្តាសេដ្ឋកិច្ចមូលដ្ឋាន ដែលសំដៅលើសកម្មភាពអាជីវកម្មនៅជុំវិញតំបន់នោះ ដូចជាមាន សណ្ឋាគារ ភោជនីយដ្ឋាន លំនៅឋាន និងប្រជាជនរស់នៅច្រើន។
អ្នកជំនាញវិស័យអចលនទ្រព្យរូបនេះ បានបន្តថា ចំណែកឯតំបន់ដែលឡើងថ្លៃចាប់ពីឥឡូវតទៅ គឺផ្លូវទៅព្រលាន ដែលជាផ្លូវពីកណ្តាលក្រុងទៅព្រលាន ដូចជា តំបន់ផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅកាន់ព្រលានយន្តហោះជាដើម ប៉ុន្តែក្នុងនោះក៏មានផ្លូវផ្សេងៗទៀត ដែលឆ្ពោះទៅកាន់ព្រលានថ្មីផងដែរ។ ព្រលានយន្តហោះ ជាមជ្ឈមណ្ឌលដែកឆក់ ដែលធ្វើឱ្យដីធ្លីនៅតំបន់នោះឡើងថ្លៃ ហើយកន្លែងដែលឡើងថ្លៃ គឺជាទីតាំងសងខាងផ្លូវធំៗដែលតភ្ជាប់ពីកណ្តាលក្រុងឆ្ពោះទៅកាន់ព្រលាន។
យ៉ាងណាមិញ ចំពោះគម្លាតតម្លៃចាប់ពីកាលផ្តើមប្រកាសគម្រោងរហូតមកដល់បច្ចុប្បន្ននេះ លោកឧកញ៉ា បញ្ជាក់ថា គឺមានការខុសគ្នារាប់រយដង។ ជាក់ស្តែង បច្ចុប្បន្នតម្លៃដីក្បែរព្រលានថ្មីចម្ងាយប្រហែល៣ឬ៤គីឡូម៉ែត្រ មានតម្លៃដល់ ១០០ដុល្លារក្នុងមួយការ៉េ បើប្រៀបកាលពី១០ឆ្នាំមុន ដីតំបន់នោះមួយការ៉េត្រឹម ៣ដុល្លារ ស្ទើរតែគ្មានអ្នកចង់ទិញផង។
«ក្នុងបទពិសោធន៍រកស៊ីលើវិស័យអចលនទ្រព្យរយៈពេលជាង ២៥ឆ្នាំមកនេះ ខ្ញុំស្គាល់តាំងពីដីខ្លះមួយការ៉េ ១ដុល្លារ ២ដុល្លារ ឬ៥ដុល្លារ ប៉ុន្តែមកដល់បច្ចុប្បន្នកន្លែងទាំងនោះខ្លះឡើងដល់ទៅ ១,៥០០ដុល្លារក្នុងមួយការ៉េ ក៏មាន។ កត្តាទាំងនេះ គឺដោយសារកម្ពុជាយើង មានស្ថេរភាពនយោបាយ មានសន្តិភាព ដែលជាគ្រឹះនៃអ្វីៗគ្រប់យ៉ាងសម្រាប់ប្រទេសជាតិ»។ ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់បន្ថែម។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ ១៥០០លានដុល្លារអាមេរិក ដែលបានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល ធំស្កឹមស្កៃ នៅលើលើផ្ទៃដី ២ ៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ បានបើកឱ្យប្រតិបត្តិការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងគ្រោងសម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ៕





